បរទេស៖ កងកម្លាំងសន្តិសុខ របស់ប្រទេសមីយ៉ានម៉ា នៅថ្ងៃចន្ទនេះ បានធ្វើការបាញ់ប្រហារ ដើម្បីបំបែកក្រុមបាតុករ នៅក្នុងទីក្រុងម៉ាន់ដាឡាយ នេះបើតាមសេចក្តីរាយការណ៍មួយ ពីប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសមីយ៉ានម៉ា។
ប៉ុន្តែតាមការចេញផ្សាយមួយ ពីទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា កាសែតដដែលនោះបាននិយាយប្រាប់ថា មិនទាន់មានព័ត៌មានច្បាស់ការ អំពីចំនួននៃជនរងគ្រោះនោះទេ ចំណែកសមាជិកនិស្សិតមួយរូប នៅក្នុងទីក្រុងនោះនិយាយថា ប្រជាជនខ្លះបានរងរបួស។
រដ្ឋាភិបាលយោធារបស់ប្រទេសមីយ៉ានម៉ា នៅថ្ងៃចន្ទនេះ បានផ្តាច់អ៊ីនធឺណេតក្នុងប្រទេស និងបានដាក់ពង្រាយកងទ័ពបន្ថែម នៅជុំវិញប្រទេស ស្របពេលដែលខ្លួនបង្កើនការបង្ក្រាប លើបាតុកម្មប្រឆាំងរដ្ឋប្រហារ។
គួរបញ្ជាក់ថា យោធាបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងការបះបោរ ប្រឆំាងការដណ្ដើមអំណាច កាលពីសប្ដាហ៍កន្លងទៅ ដែលមេដឹកនាំស៊ីវិល លោកស្រី អ៊ុង សានស៊ូជី ត្រូវគេចាប់ឃុំខ្លួន ជាមួយនឹងមនុស្សរាប់រយនាក់ រួមមានទាំងសមាជិកនៃ រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីផងដែរ ៕
ប្រែសម្រួល៖ ប៉ាង កុង