ព័ត៌មានជាតិ

លោក យិត សូវួច អះអាងថា មិនបានរំលោភយក ដីផ្លូវលេខ១៩៤៤នោះទេ គឺអ្វីៗគ្រប់យ៉ាងអនុវត្តតាមការសម្រេច របស់សាលារាជធានីភ្នំពេញតែប៉ុណ្ណោះ

ភ្នំពេញ៖ លោក យិត សូវួច ប្រជាពលរដ្ឋរស់នៅផ្ទះលេខ៤៦ ផ្លូវរ៉ាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញបានអះអាងថា លោកមិនបានរំលោភយកដីផ្លូវលេខ១៩៤៤ និងមិនបានបិទផ្លូវឡើយពោលគឺ ផ្លូវនោះត្រូវបានសាលារាជធានីភ្នំពេញ សម្រេចបង្រួមទទឹងផ្លូវពី ២០ម៉ែត្រ មកត្រឹម១០ម៉ែត្រវិញ។

លោក យិត សូវួច អះអាងបន្ថែមថា លោករីករាយនិងស្វាគមន៍រាល់ គម្រោងស្ថាបនាផ្លូវនានារបស់ សាលារាជធានីភ្នំពេញ ដើម្បីជាប្រយោជន៍សាធាណៈ មិនដូចអ្វីដែលបុគ្គលមួយចំនួន បានចោទប្រកាន់នោះទេ។

ទាក់ទិនករណីនេះ បើយោងតាមលិខិតរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្ញើជូន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានបញ្ជាក់ថា លោក យិត សូវួច ប្រជាពលរដ្ឋរស់នៅផ្ទះលេខ៤៦ ផ្លូវរ៉ាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានស្នើសុំបិទផ្លូវលេខ១៩៤៤ ដោយសារតែគម្រោងស្ថាបនាផ្លូវ របស់រដ្ឋបាលរាជធានីភ្នំពេញ ប៉ះចំលំនៅឋានរបស់គាត់ ដែលបានកាន់កាប់តាំងពីឆ្នាំ ១៩៩២។ បន្ទាប់ពីបានចុះពិនិត្យជាក់ស្ដែង និងបន្ទាប់ពីបានប្រជុំសម្របសម្រួល ដោះស្រាយរួចមក រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបង្រួមទទឹងផ្លូវលេខ១៩៤៤នេះពី ២០ម៉ែត្រ មកត្រឹម១០ម៉ែត្រវិញ។

យោងតាមលិខិតបញ្ជាក់ប្រវត្តិដី ដែលចេញដោយចៅសង្កាត់ភ្នំពេញថ្មី កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា ដីរបស់ឈ្មោះ ផាន់ ណន កាន់កាប់មានទំហំ ៥៩៨៤,២៥ម៉ែត្រការេ តាំងពីឆ្នាំ ១៩៨៤ រហូតដល់ឆ្នាំ ១៩៩២ ឈ្មោះ ផាន់ ណន បានផ្ទេរទៅឲ្យ ឈ្មោះ យិត សូវួច និងប្រពន្ធឈ្មោះ ម៉ប់ ផល្លា រហូតដល់ឆ្នាំ១៩៩៨ ឈ្មោះ យិត សូវួច និងប្រពន្ធឈ្មោះ ម៉ប់ ផល្លា បានដាក់ពាក្យស្នើសុំកាន់កាប់ដីនេះ៕

To Top