ព័ត៌មានអន្តរជាតិ

E3 និងអាមេរិក អំពាវនាវឱ្យអ៊ីរ៉ង់កុំចាត់វិធានការ បន្ថែមណាមួយឡើយ លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

ប៉ារីស៖ ប្រទេសបារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ឬហៅកាត់ថា (E3) និងសហរដ្ឋអាមេរិកបានបញ្ជាក់ ពីគោលបំណងរួមគ្នារបស់អ៊ីរ៉ង់ ក្នុងការវិលត្រឡប់ទៅរកការអនុលោមតាម ការសន្យារបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដោយអំពាវនាវឱ្យអ៊ីរ៉ង់ កុំចាត់វិធានការអ្វីបន្ថែមទៀត ដូចជាការកំណត់ជាអន្តរជាតិ និង សកម្មភាពផ្ទៀងផ្ទាត់ ទីភ្នាក់ងារថាមពលបរមាណូ (IAEA) ។

រដ្ឋមន្រ្តីការបរទេសបារាំងលោក Jean-Yves Le Drian បានរៀបចំកិច្ចពិភាក្សាជាមួយសមភាគីអាល្លឺម៉ង់ និងអង់គ្លេសរបស់លោក គឺលោក Heiko Maas និងលោក Dominic Raab នៅទីក្រុងប៉ារីស ខណៈដែលរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានចូលរួមកិច្ចពិភាក្សាតាមរយៈវីដេអូភ្ជាប់ផងដែរនោះ។

រដ្ឋមន្រ្តីបានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍រួមបន្ទាប់ពីកិច្ចប្រជុំនេះថា “E3 បានស្វាគមន៍គោលបំណង របស់សហរដ្ឋអាមេរិក ដែលបានវិលត្រឡប់មក រកការទូតជាមួយអ៊ីរ៉ង់ ក៏ដូចជាការបន្តការសន្ទនាប្រកបដោយទំនុកចិត្ត និងស៊ីជម្រៅរវាង E3 និងសហរដ្ឋអាមេរិក” ។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា“ រដ្ឋមន្រ្តីទាំងអស់បានបញ្ជាក់ពីចំណាប់ អារម្មណ៍ខ្លាំងក្នុងការបន្តការពិគ្រោះយោបល់ និងសម្របសម្រួលរបស់ពួកគេរួមទាំងចិន និងរុស្ស៊ី ស្តីពីបញ្ហាសន្តិសុខដ៏សំខាន់នេះ ដោយទទួលស្គាល់តួនាទីរបស់ អ្នកតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ក្នុងនាមជាអ្នកសម្របសម្រួល នៃគណៈកម្មការចម្រុះ” ។

កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ឬផែនការសកម្មភាពរួម (JCPOA) ត្រូវបានឈានដល់កិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងក្រុម P5 + 1ដែលក្នុងនោះរួមមាន (សហរដ្ឋអាមេរិក អង់គ្លេស រុស្ស៊ី បារាំង ចិន បូកនឹងអាល្លឺម៉ង់) និងសហភាពអឺរ៉ុប។ ក្រោមកិច្ចព្រមព្រៀងនេះ ក្រុងតេអេរ៉ង់ បានយល់ព្រមកាត់បន្ថយផ្នែកខ្លះ នៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មផ្នែកសេដ្ឋកិច្ច។

បន្ទាប់ពីសហរដ្ឋអាមេរិក ចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរក្នុងឆ្នាំ២០១៨ និងការដាក់ទណ្ឌកម្មជាថ្មី រដ្ឋាភិបាលអ៊ីរ៉ង់ បានបញ្ឈប់ការអនុវត្តផ្នែកខ្លះនៃ កាតព្វកិច្ចរបស់ខ្លួនក្រោមផែនការ សកម្មភាពរួម JCPOA ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះបានឲ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយ សមភាគីអឺរ៉ុបរបស់លោក លោក Blinken បានបញ្ជាក់ជាថ្មីថា ដូចដែលប្រធានាធិបតីលោក ចូ បៃដិន បានលើកឡើងថា ប្រសិនបើអ៊ីរ៉ង់ ត្រឡប់មកវិញនូវគោរពយ៉ាងតឹងរឹង ជាមួយការប្តេជ្ញាចិត្តរបស់ខ្លួននៅក្រោម JCPOA សហរដ្ឋអាមេរិក នឹងធ្វើដូចគ្នានិងត្រៀមចូលរួមក្នុង កិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ឆ្ពោះទៅបន្ដទៀត ៕

ដោយ ឈូក បូរ៉ា

To Top