ព័ត៌មានជាតិ

កម្ពុជា-អាល្លឺម៉ង់ចុះកិច្ចព្រមព្រៀង ហិរញ្ញប្បទានចំនួន២ លើទំហំទឹកប្រាក់៧៤ លានដុល្លារ

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន២ ជាមួយលោកអូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ លើទំហំទឹកប្រាក់ សរុបចំនួន ៦៧,១លានអឺរ៉ូ ស្មើ ប្រមាណ ៧៤ លានដុល្លារ ។

យោងតាម សេចក្ដី ប្រកាស ព័ត៌មាន របស់ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន ឲ្យ ដឹងថា កិច្ចព្រមព្រៀងទាំង ២ នោះរួមមាន៖ ១-កិច្ចព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការ ឆ្នាំ២០១៨តាមរយៈកិច្ចព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការឆ្នាំ ២០១៨ នេះ ដែលជាកិច្ចព្រមព្រៀងក្របខ័ណ្ឌ រដ្ឋាភិបាល នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងផ្តល់ឥណទាន សម្បទានចំនួន ៣០ លានអឺរ៉ូនិងហិរញ្ញប្បទាន ឥតសំណង ចំនួន ២ លានអឺរ៉ូ សម្រាប់ហិរញ្ញប្បទាន លើគម្រោងប្រសិទ្ធិភាព ថាមពលសម្រាប់ការផ្គត់ផ្គង់ អគ្គិសនីជនបទ ។ ឥណទានសម្បទានចំនួន ៣០ លានអឺរ៉ូ គឺឥណទានសម្បទាន ទី ១ ដែលភាគីអាល្លឺម៉ង់ហៅថា “Reduced Interest Loan” នឹងត្រូវបានផ្តល់ តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KW) ។

២- កិច្ចព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការ ឆ្នាំ២០១៩តាមរយៈកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការឆ្នាំ ២០១៩ ដែលជាកិច្ចព្រមព្រៀង ក្របខ័ណ្ឌ រដ្ឋាភិបាល នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងផ្តល់ឥណទានសម្បទានចំនួន ៣០ លានអឺរ៉ូសម្រាប់ហិរញ្ញប្បទានលើគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជនបទសម្រាប់កម្ពុជា និង ហិរញ្ញប្បទានឥតសំណងចំនួន ៥,១ លានអឺរ៉ូ សម្រាប់គាំទ្រ ការធ្វើហិរញ្ញប្បទានលើគម្រោងជាក់លាក់មួយចំនួនទៀត ។

ឥណទានសម្បទានចំនួន ៣០ លានអឺរ៉ូ ជាឥណទានសម្បទានទី ២ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលនឹងត្រូវបានផ្តល់តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KW) ផងដែរ។ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាន ជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់(KW) នៅពេលក្រោយទៀត ដើម្បីទទួលបានឥណទានមកប្រើប្រាស់សម្រាប់អនុវត្តគម្រោងជាក់ស្តែង។

ក្នុងឱកាសនោះលោកអូន ព័ន្ធម្នីរ័ត្ន បានគូសបញ្ជាក់ថារដ្ឋាភិបាល នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ គឺជាដៃគូអភិវឌ្ឍន៍ប្រទេសអឺរ៉ុប ទី២ បន្ទាប់ពីរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។ ប្រទេសបារាំងបានចាប់ផ្តើម ផ្តល់ឥណទានសម្បទានទី ១ របស់ខ្លួនដល់កម្ពុជា នៅឆ្នាំ ២០១៣ ដែលបានផ្តល់ឥណទានសម្បទាន ដល់កម្ពុជា ដើម្បីរួមចំណែកក្នុងការគាំទ្រ ដល់គោលនយោបាយអភិវឌ្ឍន៍ និងវិស័យអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ការបើកទ្វារឥណទានពីដៃតូទ្វេភាគីថ្មីៗបន្ថែមទៀត ជាពិសេស ពីប្រទេសមានការអភិវឌ្ឍខ្ពស់ នៃទ្វីបអឺរ៉ុប ដូចជា សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងសាធារណរដ្ឋបារាំង បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ដៃគូអភិវឌ្ឍន៍សំខាន់ៗ របស់កម្ពុជា មានជំនឿ យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាកំពុង ដើរនៅលើផ្លូវត្រូវ លើយុទ្ធសាស្ត្រនិង គោលនយោបាយគ្រប់គ្រង បំណុលសាធារណៈរបស់ខ្លួន ប្រកបដោយភាពជឿជាក់ និងសមត្ថភាពគ្រប់គ្រាន់ និងរឹងមាំ ៕ ដោយ៖ធី លីថូ

To Top