Covid-19

ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ! រដ្ឋមន្ត្រីទេសចរណ៍ ក្រើនរំលឹកអាជ្ញាធររាជធានី-ខេត្ត បន្តរឹតបន្តឹង អនុវត្តវិធានសុវត្ថិភាព ទេសចរណ៍តាមមូលដ្ឋាន

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឲ្យអភិបាលរាជធានី-ខេត្ត បន្តជំរុញការអនុវត្តគោលការណ៍ ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មសេវាកម្ម ទេសចរណ៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីចូលរួមទប់ស្កាត់ការ ឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នាអំលុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

យោងតាមលិខិតរបស់ ឮក្រសួងទេសចរណ៍ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ លោក ថោង ខុន បានឲ្យដឹងថា អភិបាលរាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយ និងអនុវត្តឲ្យបានជាប្រចាំនូវអនុសាសន៍ ណែនាំរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវវិធានការណ៍ «៣ការពារ ៣កុំ» ។

ជាងនេះទៅទៀត អភិបាលរាជធានី-ខេត្ត បន្តត្រួតពិនិត្យជាប្រចាំ និងពង្រឹងការអនុវត្តវិធានការ របស់រាជរដ្ឋាភិបាលចំពោះអាជីវកម្មស្ប៉ា ម៉ាស្សាសុខភាព និងអាជីវកម្មមណ្ឌលកម្សាន្ត ទេសចរណ៍មនុស្សពេញវ័យ (មានខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្គាឌិន) ដែលពុំទាន់បានអនុញ្ញាតឱ្យបើកដំណើរឡើងវិញ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៦៨នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៤៧៥នាក់ និងអ្នកជំងឺចំនួន៩៣នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ ៕

To Top