ព័ត៌មានអន្តរជាតិ

អាមេរិក គូសបញ្ជាក់ជាថ្មីពីឆន្ទៈ ក្នុងការចូលរួមជាមួយ អ៊ីរ៉ង់ លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ


វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់សាជាថ្មីនូវឆន្ទៈក្នុងការចូលរួមជាមួយទីក្រុងតេអេរ៉ង់ ជុំវិញបញ្ហានុយក្លេអ៊ែរ ដោយបង្ហាញពីការគំរាមកំហែងថ្មីដោយថ្នាក់ដឹកនាំអ៊ីរ៉ង់ដើម្បីជំរុញការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។

អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា សហរដ្ឋអាមេរិកមានឆន្ទៈចូលរួម​ជាមួយអ៊ីរ៉ង់ក្នុងបរិបទនៃ P5 + 1 គឺសហរដ្ឋអាមេរិក អង់គ្លេស បារាំង ចិន រុស្ស៊ី ក៏ដូចជា​ប្រទេសអាល្លឺម៉ង់។

លោកបានលើកឡើងថា ទីក្រុងតេអេរ៉ង់ មិនទាន់ធ្វើការឆ្លើយតប ជាផ្លូវការ ចំពោះកិច្ចពិភាក្សាជាមួយ P5 + 1 នៅឡើយទេ យើងពិតជាសង្ឃឹមថា ប្រជាជនអ៊ីរ៉ង់នឹងមានឆន្ទៈដូច្នេះដែរ”។

មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បានឲ្យដឹងនៅមុនថ្ងៃនោះថា ប្រទេសរបស់លោកអាចបង្កើន ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម​ រហូតដល់ ៦០ ភាគរយ។

លោក Price និយាយឆ្លើយតបនឹងការលើកឡើង​របស់លោក Khamenei ថា “យើងនឹងមិនឆ្លើយតបជាលក្ខណៈជាក់លាក់ ទៅនឹងសម្មតិកម្មទេ” ។

លោកបានបន្ថែមថា“ អ្វីដែលយើងនឹងធ្វើគឺ ដើម្បីបញ្ជាក់ជាថ្មីនូវសំណើដែលមាននៅលើតុ” ។ សហរដ្ឋអាមេរិក មានឆន្ទៈជួបជាមួយអ៊ីរ៉ង់ ដើម្បីឆ្លើយសំណួរស្មុគស្មាញទាំងនេះ។

លោកក៏បានកោតសរសើរ ចំពោះកិច្ចប្រឹងប្រែងថ្មីៗ របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ក្នុងការចូលរួមជាមួយអ៊ីរ៉ង់ លើបញ្ហាផ្ទៀងផ្ទាត់​ស្របពេលដែលសម្តែងការព្រួយបារម្ភអំពីការបញ្ចប់ការអនុវត្តរបស់អ៊ីរ៉ង់ លើពិធីសារបន្ថែម ដែលអនុញ្ញាតឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរបស់ IAEA៕

To Top