ភ្នំពេញ ៖ ស្របពេលជំងឺម្ដាយក្មេក កំពុងស្ថិតក្នុងស្ថានភាព សង្រ្គោះបន្ទាន់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសបន្តលុបចោល ការចូលរួមកម្មវិធីជាតិ ក៏ដូចជាអន្តរជាតិមួយចំនួន ដែលនឹងប្រព្រឹត្ត ទៅនៅចុងសប្តាហ៍នេះ និងសប្តាហ៍ក្រោយ ។
សម្តេចថា ការលប់នេះ គឺប្រគល់ជូនឧបនាយករដ្ឋមន្រ្តី មួយចំនួនចូលរួមជំនួសវិញ ព្រោះកម្មវិធីនេះ មិនអាច លើកពេលរង់ចាំវត្តមាន របស់សម្ដេចបានឡើយ។
កាលពីសប្តាហ៍មុន សម្តេចតេជោ ក៏បានប្រកាសលុបចោលការ ចូលរួមកិច្ចប្រជុំអាស៊ាន-កូរ៉េ និងអាស៊ាន-មេគង្គ នៅសាធារណរដ្ឋកូរ៉េ ដោយឲ្យលោក ប្រាក់ សុខុន ឧបនាយករដ្ឋ រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរចូលរួមជំនួសផងដែរ។
សម្ដេចបានសរសេរនៅលើហ្វេសប៊ុក នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ថា “ស្ថិតក្នុងស្ថានភាពនៃការបន្តសង្គ្រោះបន្ទាន់ នៃជំងឺម្តាយក្មេកខ្ញុំ ខ្ញុំបន្តលុបចោល ការចូលរួមកម្មវិធីមួយចំនួនសម្រាប់ ចុងសប្តាហ៍នេះនិងសប្តាហ៍ក្រោយ “។
សម្ដេចបញ្ជាក់ថា សម្រាប់ការងារសប្តាហ៍ក្រោយ សម្ដេចត្រៀមទទួលអគ្គរដ្ឋទូតបរទេសពីររូប គឺអភិបាលក្រុងប៉ារីស និងអគ្គលេខាធិការ នៃសមាគមប្រទេស និយាយភាសារបារាំងប៉ុណ្ណោះ ។
សម្ដេចនាយករដ្ឋមន្រ្តីបន្ថែមថា បើទោះជាសម្ដេចមិនបាន បង្ហាញមុខជាសាធារណៈ នៅក្នុងការប្រជុំទាំងនៅក្រៅប្រទេស និងកម្មវិធីនានា នៅក្នុងប្រទេសក៍ដោយ ក៍សម្ដេចនៅតែបន្តដោះស្រាយការងារជាការពិនិត្យ សម្រេចនិងចុះហត្ថលេខា លើឯកសារនានា ដូចបានធ្វើកន្លងមក មិនមានការអាក់ខានឡើយ បើទោះបីខ្ញុំអត់ងងុយ និងហត់នឿយ ក្នុងការស្នាក់នៅមន្ទីរពេទ្យក៍ដោយ។
សម្ដេចបន្តថា សម្ដេចនឹងបន្តការតាមដាន មើលថែទាំម្តាយក្មេកតទៅទៀត ព្រោះពុំមានពេលផ្សេងទៀត ដើម្បីបំពេញតួនាទីជាកូនកត្តញ្ញូនោះឡើយ។
សម្ដេចសង្ឃឹមថា ប្រជាពលរដ្ឋទូទាំងប្រទេស នឹងយោគ យល់ដល់ការលំបាករបស់សម្ដេចនិងយល់ពីអារម្មណ៍ របស់សម្ដេចនាពេលដ៍លំបាកនេះ៕
ដោយ៖ធី លីថូ