ព័ត៌មានជាតិ

អ្នកចិញ្ចឹមត្រី ត្អូញត្អែរ ដោយលក់ត្រី មិនចេញ ក្រោយក្រសួង អនុញ្ញាត ឲ្យនាំចូលត្រី ពីវៀតណាមវិញ

ភ្នំពេញ ៖ ក្រុមអ្នកអ្នកចិញ្ចឹមត្រី នៅតាមបណ្ដារាជធានី-ខេត្ត មួយចំនួន បានត្អូញត្អែរយ៉ាងខ្លាំង ចំពោះត្រីដែលខ្លួនចិញ្ចឹម បានហើយ គ្មានទីផ្សារ និងលក់មិនចេញ ដោយសារតម្លៃថោក ក្រោយពីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលថ្មីៗនេះ បានអនុញ្ញាតឲ្យនាំចូលត្រី ពីវៀតណាម ឡើងវិញ ។

ពួកគេអះអាងថា ដោយសារកត្តាទាំងនេះហើយ ទើបធ្វើឲ្យត្រីនៅកម្ពុជា លក់មិនដាច់ ពោលគឺគ្មានទីផ្សារ ។

កាលពីថ្ងៃ៨ កុម្ភៈ ក្រសួងកសិកម្ម បានចេញសេចក្តី ប្រកាសបន្តការអនុញ្ញាត ឲ្យនាំចូលផលផលិត ផលជលផល ជាពិសេសត្រីចំនួន ៤ប្រភេទ ដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ពីវៀតណាម ឡើងវិញ ដើម្បីឆ្លើយតបតាមតម្រូវការ ជាក់ស្តែងក្នុងស្រុក ក្រោយក្រសួងប្រកាសផ្អាក នាំចូលកាលពីជាង មួយខែមុន ។

ជុំវិញបញ្ហានេះ លោក សំ ផន អ្នកចិញ្ចឹមត្រី នៅស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ បានប្រាប់មណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី ១ ខែមីនា ឆ្នាំ២០២១ ថា ក្រោយពីក្រសួងអនុញ្ញាត ឲ្យនាំត្រីពីវៀតណាម ចូលមកម្ពុជានោះ បច្ចុប្បន្នត្រីនៅកម្ពុជា ពិបាកលក់ទៅតាមទីផ្សារ ។ ពិបាកលក់ដោយសារត្រី នាំចូលមានតម្លៃថោក ជាងត្រីចិញ្ចឹមក្នុងស្រុក ។

លោកបញ្ជាក់យ៉ាងដូច្នេះថា «នៅខាងខ្ញុំលក់មិនចេញទេ ព្រោះត្រីគេយកពីវៀតណាម មកធំៗល្អ ព្រោះត្រីយើងធំមិនល្អមិនស្មើគ្នាទេ ណាមួយយើងលក់ឲ្យគេ ជាពិសេសនោះ ឈ្មួញកណ្ដាល គាត់ទម្លាក់យើង ឲ្យថោកជាងត្រីវៀតណាម»

លោកបន្ដថា ការនាំចូលត្រីពីវៀតណាមនោះ គឺមានតម្លៃថោកជាងត្រីកម្ពុជា ទើបឈ្មួញកណ្ដាល ទិញត្រីពីវៀតណាម ។ ហេតុដូចនេះហើយ ទើបធ្វើឲ្យត្រីនៅកម្ពុជា ពិបាកលក់ចេញ ។ លោកបានផ្ដាំផ្ញើទៅក្រសួងឲ្យផ្អាកនាំចូលត្រីពីវៀតណាម ដើម្បីឲ្យត្រីនៅកម្ពុជា មានភាពងាយស្រួលក្នុងការលក់ដូរ ។

ជាងនេះទៅទៀត អ្នកចិញ្ចឹមត្រីនៅខេត្តឧត្តរមានជ័យរូបនេះ ក៏បានធ្វើការអំពាវនាវទៅដល់ក្រសួងកសិកម្ម ឲ្យត្រួតពិនិត្យឲ្យបានច្បាស់លាស់ ចំពោះការនាំត្រីចូលមកកម្ពុជា។ លោក សំ ផន ថា បើតាមការសង្កេតរបស់អ្នកចិញ្ចឹមត្រីនៅកម្ពុជា ត្រីនាំចូលពីវៀតណាម សំបូរទៅដោយសារធាតុជាតិគីមី ទើបធ្វើឲ្យត្រីធំៗល្អ ។

ដោយឡែក លោក បូត គីមអាង អ្នកចិញ្ចឹមត្រី នៅស្រុកពារាំង ខេត្តព្រៃវែង ក៏បានរៀបរាប់អំពីទុកលំបាករបស់ខ្លួនដែរថា តម្លៃត្រីនៅស្រុកខ្មែរ នាពេលបច្ចុប្បន្ននេះ មិនទាន់មានតម្លៃច្បាស់លាស់ នៅឡើយទើបធ្វើឲ្យពិបាក ខណៈត្រីវៀតណាម មានតម្លៃថោកជាង ។

លោកបានឲ្យដឹងថា «ធម្មតាបើកត្រីនាំចូលហើយ ត្រីយើងពិបាកលក់ហើយ ហើយទីផ្សារត្រី របស់យើងពិបាកប្រកួតប្រជែង ដោយសារត្រីវៀតណាម លក់ថោក ជាងត្រីកម្ពុជា»

លោកក៏បានរំលឹកថា កាលពីក្រសួងកសិកម្មផ្អាកនាំចូលត្រីពីវៀតណាមនោះ តម្លៃត្រីមានភាពល្អប្រសើរ ។ លោកអំពាវនាវទៅដល់ក្រសួង ជួយរកទីផ្សារត្រី ដើម្បីឲ្យត្រីនៅកម្ពុជា មានតម្លៃថ្លៃជាងត្រីវៀតណាម ជាពិសេសនោះ ផ្អាកនាំចូលត្រីពីវៀតណាមជាបណ្តោះអាសន្នសិន ដើម្បីឲ្យត្រីនៅកម្ពុជាមានតម្លៃថ្លៃ។

សម្រាប់ករណីនេះ សមាគមវារីវប្បករនៅកម្ពុជា បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាពេលថ្មីៗនេះថា «ត្រីប្រា ត្រីពោ ត្រីឆ្ដោ របស់វារីវប្បករខ្មែរយើងចាល់ស្ទើរគ្រប់ស្រះហើយ សូមបងប្អូនជនរួមជាតិគាំទ្រត្រីខ្មែរយើង ជួយបរិភោគខ្មែរយើង»

សូមរំលឹកថា ក្រោយពីក្រសួងកសិកម្មបន្តការអនុញ្ញាតឲ្យនាំចូលផល ផលិតផលជលផល ជាពិសេសត្រីចំនួន ៤ប្រភេទដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ មកកម្ពុជាវិញនោះ ក្រសួងនឹងបន្តពិគ្រោះយោបល់ជាមួយ សមាគមវារីវប្បករនៅកម្ពុជា អាជីវករនាំចេញ នាំចូលផល ផលិតផលជលផល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីកសាង និងទទួលស្គាល់លិខិតបទដ្ឋានបច្ចេកទេស៕

To Top