ភ្នំពេញ៖ សហរដ្ឋអាមេរិក សូមអបអរសាទរដល់ប្រទេសកម្ពុជា ចំពោះការមកដល់ដោយជោគជ័យ នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ឈ្មោះ AstraZeneca ចំនួន ៣២៤ ០០០ ដូស នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២១។
តាមរយៈគេហទំព័រ ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី៣ មីនានេះ បានឲ្យដឹងបន្ថែមថា ការទទួលបានវ៉ាក់សាំងនេះ គឺដោយសារការប្តេជ្ញាចិត្តជាមុន ចំពោះទីផ្សារ COVAX ដែលជាគម្រោងគំនិតផ្តួចផ្តើមជាសកល ក្នុងការគាំទ្រការទទួលបាន ប្រកបដោយសមធម៌ នូវវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩។

នៅក្នុងពេលថ្មីៗនេះសហរដ្ឋអាមេរិក បានប្រកាសពីការផ្តល់ជំនួយ សម្រាប់គ្រាដំបូង ចំនួន ២ ពាន់លានដុល្លារ ក្នុងចំណោមប្រាក់សរុបចំនួន ៤ ពាន់លានដុល្លារ ដល់គម្រោងគំនិតផ្តួចផ្តើមនេះ ដែលជាការធ្វើឲ្យសហរដ្ឋអាមេរិក គឺជាប្រទេសរួមចំណែកធំជាងគេតែមួយគត់ ដល់ការឆ្លើយតបជាអន្តរជាតិ ចំពោះមេរោគកូវីដ ១៩។ ប្រទេសកម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេ នៅក្នុងតំបន់ ដែលបានទទួលវ៉ាក់សាំង ប្រឆាំងមេរោគកូវីដ ១៩ ពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX)។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានមានប្រសាសន៍ថា «ការគាំទ្រចំពោះការឆ្លើយតប របស់ប្រទេសកម្ពុជា ចំពោះមេរោគកូវីដ ១៩ តាមរយៈយន្តការ COVAX បន្តភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយូរអង្វែង ផ្នែកសុខភាពសាធារណៈរបស់យើង ជាមួយប្រទេសកម្ពុជា។

ការយកឈ្នះលើរោគរាតត្បាតជាសកល នេះគឺជាបញ្ហាប្រឈមជាសកល ហើយសហរដ្ឋអាមេរិក កំពុងធ្វើការនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដើម្បីបញ្ឈប់ការរាលដាលនៃជំងឺនេះ។ ដោយធ្វើការជាមួយគ្នា យើងអាចឈ្នះមេរោគកូវីដ១៩បាន ហើយត្រៀមខ្លួនបង្ការ ទប់ទល់នឹងការគម្រាមកំហែង នៅពេលអនាគត»។
ការរួមវិភាគទាន របស់សហរដ្ឋអាមេរិក ចំពោះ COVAX តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ជួយដល់ការទិញ និងការបញ្ជូនវ៉ាក់សាំងប្រឆាំងមេរោគកូវីដ ១៩ ដែលមានប្រសិទ្ធភាពនិងសុវត្ថិភាព សម្រាប់ប្រជាជន ដែលងាយរងគ្រោះ និងប្រឈមនឹងហានិភ័យខ្លាំងជាងគេ នៅក្នុងប្រទេសដែលមានចំណូលទាប និងចំណូលមធ្យមនៃពិភពលោក ។ ការទ្រទ្រង់នេះ មានភាពចាំបាច់ណាស់ ក្នុងការកម្ចាត់មេរោគរាតត្បាតជាសាកល ដោយបន្ថយល្បឿននៃការលេចឡើង នៃមេរោគបម្លែងថ្មី ហើយជួយឲ្យសេដ្ឋកិច្ចសកលលោក មានដំណើរការឡើងវិញ។
សហរដ្ឋអាមេរិក ក៏នឹងធ្វើការផងដែរ ជាមួយម្ចាស់ជំនួយដទៃទៀត ដើម្បីធ្វើការសន្យាផ្តល់ជំនួយ និងការប្តេជ្ញាចិត្តបន្ថែមទៀត ដើម្បីបំពេញនូវតម្រូវការចាំបាច់ នៃយន្តការ COVAX ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្ត ក្នុងការសហការជាមួយដៃគូ និងរដ្ឋាភិបាលដទៃទៀត ដើម្បីទ្រទ្រង់ការខិតខំ ក្នុងការចាក់វ៉ាក់សាំងជាសកល ប្រឆាំងនឹងមេរោគកូវីដ១៩។
សហរដ្ឋអាមេរិក បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអ្នកពាក់ព័ន្ធនៅកម្ពុជា នៅក្នុងអំឡុងពេលទាំងមូល នៃការមានមេរោគរាតត្បាតជាសកលនេះ ដើម្បីការពារសុខភាពសាធារណៈ និងពង្រឹងការឆ្លើយតប ចំពោះមេរោគកូវីដ ១៩។
ភាពជាដៃគូយូរអង្វែង ផ្នែកសុខាភិបាលនៅកម្ពុជា បានជួយសម្រួលដល់ការងារនេះ ដូចជាតាមរយៈមជ្ឈមណ្ឌលកម្ចាត់ជំងឺ (CDC) វិទ្យាស្ថានជាតិសុខភាព (NIH) របស់សហរដ្ឋអាមេរិក មជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្រ្ត នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងទីភ្នាក់ងារជំនួយអាមេរិក (USAID) ។ ភាពជាដៃគូទាំងនេះ បានពង្រឹងការអង្កេត ការតាមដានអ្នកមានការពាក់ព័ន្ធ ការស្រាវជ្រាវ និងការយល់ដឹងរបស់សាធារណជន ដែលជាការចាំបាច់ សម្រាប់គ្រប់គ្រងមេរោគរាតត្បាតជាសកល ហើយសង្គ្រោះជីវិតមនុស្ស។
បន្ថែមលើនេះ តាមរយៈទីភ្នាក់ងារជំនួយអាមេរិក (USAID) សហរដ្ឋអាមេរិក បានផ្តល់ជំនួយក្នុងទឹកប្រាក់ ជាង ១១ លានដុល្លារអាមេរិក ដែលជាជំនួយពិសេស ក្នុងការជួយដល់ប្រទេសកម្ពុជា ក្នុងការការពារ ស្វែងរក និងឆ្លើយតប នឹងការរីករាលដាលនៃជំងឺ ក៏ដូចជាជួយ ដល់ការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ។
ធនធានទាំងនេះ បានជួយព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើទំនាក់ទំនងគ្នាស្តីពីហានិភ័យ ការចូលរួមរបស់សហគមន៍ ការការពារនិងការគ្រប់គ្រងការឆ្លង ការគ្រប់គ្រងលើករណីជំងឺ ប្រព័ន្ធមន្ទីរពិសោធន៍ ហើយបានផ្តល់សម្ភារៈប្រើប្រាស់សំខាន់ៗ ដូចជាគ្រឿងផ្តត់ផ្គង់ ផ្នែកអនាម័យជាមូលដ្ឋាន មធ្យោបាយដឹកជញ្ជូនសំខាន់ៗ ប្រអប់ត្រជាក់រក្សាភាពត្រជាក់ សម្រាប់ដឹកជញ្ជូនដោយសុវត្ថិភាព នូវសំណាកសម្រាប់យកមកវិភាគ នៅមន្ទីរពិសោធន៍ សម្ភារៈការពារខ្លួន សម្រាប់បុគ្គលិកមន្ទីរពិសោធន៍ និងគ្រូពេទ្យជួរមុខ និងគ្រឿងបរិក្ខារព័ត៌មានវិទ្យា ដើម្បីពង្រឹង ការអប់រំសុខភាពស្តីពីមេរោគកូវីដ ១៩ ទាក់ទងនឹងការគ្រប់គ្រង លើការផ្ញើសារ និងប្រព័ន្ធតាមដានអ្នកពាក់ព័ន្ធ។
សូមរំលឹកថា រហូតមកដល់ពេលនេះ កម្ពុជាបានទទួលវ៉ាក់សាំង ប្រឆាំងកូវីដ១៩ ឈ្មោះស៊ីណូហ្វាមចំនួន ៦០ម៉ឺនដូសពីមិត្តចិន និង វ៉ាក់សាំងឈ្មោះ AstraZeneca ចំនួន ៣២៤ ០០០ ដូសពីឥណ្ឌា តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ (COVAX) ខណៈវ៉ាក់សាំងជាបន្តបន្ទាប់ទៀត នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ៕
