ព័ត៌មានជាតិ

កម្ពុជា-ជប៉ុន ចុះហត្ថលេខា លើគម្រោងចំនួន២ ក្នុងទំហំទឹកប្រាក់ជិត ៧០ម៉ឺនដុល្លារអាមេរិក

ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងប្រធានអង្គការ សកម្មភាពកំចាត់មីនជប៉ុន (JMAS) ប្រចាំកម្ពុជា នៅថ្ងៃទី២ ខែមីនា ឆ្នាំ ២០២១ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការ ភាពជាដៃគូរវាង CMAC និង JMAS លើគម្រោងចំនួនពីរ ដែលមានទឹកប្រាក់សរុបចំនួន ៦៨២.២៥០,៩១ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការងារប្រតិបត្តិការ ដែលមានរយ:ពេល១ឆ្នាំ (មីនា ២០២១- កុម្ភ: ២០២២) ។

លោក ហេង រតនា បានឲ្យដឹងថា គម្រោងទីមួយផ្តោតលើការគាំទ្រ ការស្ថាបនាហេដ្ឋារចនា សម្ព័ន្ធឡើងវិញសម្រាប់ ការបោសសម្អាតមីន ដែលគាំទ្រប្រតិបត្តិការ នៅក្នុងខេត្តបន្ទាយមានជ័យ និងគម្រោងទី២ ផ្តោតលើការបោសសម្អាត គ្រាប់បែកចង្កោម ដែលគាទ្រប្រតិបត្តិការ នៅខេត្តស្ទឹងត្រែង ។

សូមបញ្ជាក់ជូនថា គំរោងទាំង២នេះ ក៏ទទួលបានការគាំទ្រពីអង្គការ JMAS សំរាប់ការអភិវឌ្ឍន៍សហគមន៍ ក្រោយបោសសំអាតគ្រាប់មីន និងគ្រាប់បែកចង្កោមរួចផងដែរ។
សូមបញ្ជាក់ថា នេះជាឆ្នាំទី១ នៃគំរោងរយ:ពេល៣ឆ្នាំ មីនា ២០២១-កុម្ភ: ២០២៤! ។
ឆ្លៀតឱកាសនេះ លោក ហេង រតនា បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុន ក៏ដូចលោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំ អង្គការ JMAS ដែលបានខិតខំប្រឹងប្រែង ដើម្បីជួយប្រជាជនកម្ពុជា ទោះបីជាក្នុងពេលវេលាដ៏លំបាក ដោយសារជំងឺ ឆ្លងកូវីត១៩ ក៏ដោយ ៕

To Top