ព័ត៌មានអន្តរជាតិ

សកម្មភាព នុយក្លេអ៊ែ កូរ៉េខាងជើង បង្កឲ្យមានក្តីព្រួយ បារម្ភខ្លាំង

បរទេស ៖ ទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមសកម្មភាព សារជាថ្មីឡើងវិញ នៅទីតាំងសម្ងាត់ ដែលអាចជាមជ្ឈមណ្ឌលមួយ សម្រាប់ការចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម បង្កឲ្យមានក្តីព្រួយបារម្ភខ្លាំងក្លា ។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង JoongAng Daily បានរាយការណ៍នៅថ្ងៃអង្គារ ម្សិលមិញនេះថា អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ លោក Rafael Mariano Grossi បានមានប្រសាសន៍ កាលពីថ្ងៃចន្ទថា ភស្តុតាងបានបង្ហាញ ពីសកម្មភាពនៅទីតាំង Kangson ជាកន្លែងតូចមួយក្នុងទីក្រុង ប្រទេសកូរ៉េខាងជើង ។

ចំណែកកាសែត Al Jazeera បានរាយការណ៍ថា លោក Rafael Mariano Grossi បានមានប្រសាសន៍ ក្នុងទីក្រុងវីយែនថា សកម្មភាពនុយក្លេអ៊ែរ បស់ប្រទេសកូរ៉េខាងជើង នៅតែជាបុព្វហេតុមួយសម្រាប់ ការព្រួយបារម្ភ ហើយការបន្តនៃកម្មវិធី នុយក្លេអ៊ែកូរ៉េខាងជើង គឺជាការបំពានយ៉ាងច្បាស់មួយ ចំពោះសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជារឿងគួរឲ្យសោកស្តាយជាខ្លាំង ។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ បែបនេះរបស់លោក Rafael Mariano Grossi គឺត្រូវបានធ្វើឡើង នៅថ្ងៃតែមួយ ដែលសហភាពអឺរ៉ុបនិយាយថា ការរិះគន់ គឺមានចំពោះរដ្ឋាភិបាល នៃប្រទេសកូរ៉េខាងជើង និងមិនមែនទណ្ឌកម្មអន្តរជាតិទេ ធ្វើឲ្យមានភាពលំបាកផ្នែកសេដ្ឋកិច្ច ចំពោះប្រជាជនកូរ៉េខាងជើង៕
ប្រែសម្រួល៖ប៉ាង កុង

To Top