វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឲ្យដឹង នៅក្នុងសេចក្តីណែនាំ យុទ្ធសាស្ត្រសន្តិសុខជាតិ បណ្តោះអាសន្នរបស់លោកថា សហរដ្ឋអាមេរិក នឹងពង្រឹងអំណាចការទូតរបស់ខ្លួន ដើម្បីកាត់បន្ថយការគំរាមកំហែង ដែលបង្កឡើង ដោយប្រទេសកូរ៉េខាងជើង។
ប្រធានាធិបតីអាមេរិករូបនេះ បានឲ្យដឹងនៅក្នុងគោលការណ៍ ណែនាំរបស់លោកថា “យើងនឹងផ្តល់អំណាច ដល់អ្នកការទូតរបស់យើង ឱ្យធ្វើការដើម្បីកាត់បន្ថយការគំរាមកំហែង ដែលបង្កឡើង ដោយកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ដែលកំពុងឈរទល់មុខគ្នា ជាមួយសាធារណរដ្ឋកូរ៉េ និងជប៉ុន” ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ បានឲ្យដឹងថា គោលការណ៍ណែនាំនេះ បានបញ្ជាក់ពីការសន្យាមុនរបស់លោក ក្នុងការដាក់ការទូត ជាចំណុចសំខាន់នៃអ្វីៗ ដែលប្រទេសរបស់លោកធ្វើ ដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង។
ការណែនាំបណ្តោះអាសន្ន ក៏បានកើតឡើងភ្លាមៗ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេស លោក Antony Blinken បានដាក់ចេញ នូវអាទិភាពគោលនយោបាយ ការបរទេសកំពូលៗ ចំនួន ៨ សម្រាប់សហរដ្ឋអាមេរិក។
ក្នុងនោះបានរាប់បញ្ចូលបញ្ហាជាច្រើន ដូចជាការរីករាលដាលនៃជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងការឈ្លានពានរបស់ចិន ប៉ុន្តែមិនបានដោះស្រាយដោយផ្ទាល់ នូវការគំរាមកំហែងដែលបង្កឡើង ដោយកូរ៉េខាងជើងនោះទេ។
ប្រធានាធិបតីសហរដ្ឋអាមេរិក បានចេញសេចក្តីណែនាំនេះថា“ ថ្ងៃនេះខ្ញុំបានចេញសេចក្តីណែនាំ បណ្តោះអាសន្ននេះ ដើម្បីបង្ហាញចក្ខុវិស័យរបស់ខ្ញុំ អំពីវិធីដែលអាមេរិក នឹងចូលរួមជាមួយពិភពលោក ដោយសេចក្ដីណែនាំនេះ ត្រូវបានផ្សាយដោយសេតវិមាន៕