បរទេស៖ស្របពេលមានការបង្ក្រាបកើនឡើង ដោយយោធា លើមហាបាតុកម្មប្រឆាំង រដ្ឋប្រហារកាលពីខែមុននោះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោក Marise Payne បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលី នាពេលថ្មីៗនេះ បានផ្អាកកម្មវិធី សហប្រតិបត្តិការការពារជាតិ របស់ខ្លួន ជាមួយប្រទេសមីយ៉ានម៉ា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃអាទិត្យ លោក Marise Payne ក៏បានមានប្រសាសន៍ផងដែរថា ប្រទេសអូស្ត្រាលី ក៏នឹងធ្វើការណែនាំជាថ្មី ចំពោះតម្រូវការមនុស្សធម៌ភ្លាមៗដល់ពួកមូល្លីមរ៉ូហ៊ីងយ៉ានិងជនជាតិភាគតិចដទៃទៀត។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងនឹងផ្តល់អាទិភាពដល់តម្រូវការមនុស្សធម៌បន្ទាន់និងកំពុងប្រាកដឡើង និងស្វះស្វែងធានាថា ការចូលរួមមនុស្សធម៌របស់យើង គឺធ្វើជាមួយនិងតាមរយៈអង្គការក្រៅរដ្ឋាភិបាល មិនមែនជាមួយរដ្ឋាភិបាល ឬក៏អង្គភាពពាក់ព័ន្ធនឹងរដ្ឋាភិបាលនោះទេ”។
តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ចំណងមិត្តភាពការពារជាតិទ្វេភាគីរបស់ប្រទេសអូស្ត្រាលីជាមួយយោធាប្រទេសមីយ៉ានម៉ា ត្រូវបានកំណត់ចំពោះចំណុចមិនមែនការប្រយុទ្ធនានា ដូចជាវគ្គបណ្ដុះបណ្ដាលផ្នែកភាសាអង់គ្លេសជាដើម៕ប្រែសម្រួល៖ប៉ាងកុង