ទីក្រុងវ៉ាស៊ីនតោន ៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានបង្កើនការស្នើសុំកញ្ចប់ថវិការហូតដល់ ៥០ ពាន់លានដុល្លារ សម្រាប់ការត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសកាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីមានបញ្ហាប្រព័ន្ធទំនាក់ទំនង ដែលបង្ខំឱ្យមានការផ្អាកជើងហោះហើរទូទាំងប្រទេស និងធ្វើឱ្យជើងហោះហើររាប់ពាន់ត្រូវជាប់គាំងអស់ជាច្រើនម៉ោង នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
មុននេះបន្តិចនៅថ្ងៃសុក្រដដែល រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Sean Duffy និងសេតវិមាន បានស្នើសុំថវិកាចំនួន ៣០.១ ពាន់លានដុល្លាររួចទៅហើយ ដើម្បីធ្វើទំនើបកម្មអាកាសយានដ្ឋានចាស់ៗ និងប្រព័ន្ធត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសរបស់សហរដ្ឋអាមេរិក។
បញ្ហានេះបានជះឥទ្ធិពលដល់មជ្ឈមណ្ឌលសម្របសម្រួលជើងហោះហើរ (en route centers) របស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) ដែលទទួលបន្ទុករៀបចំចរាចរណ៍រវាងអាកាសយានដ្ឋាននានា។ ប៉ុន្តែគណៈកម្មាធិការពាណិជ្ជកម្មព្រឹទ្ធសភា ដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ បានបញ្ជាក់ថា ហេតុការណ៍នេះបង្ហាញពីភាពចាំបាច់ក្នុងការផ្តល់អាទិភាពលើការធ្វើទំនើបកម្មមជ្ឈមណ្ឌលទាំងនោះ ជាជាងគម្រោងផ្សេងៗទៀត ហើយបានកត់សម្គាល់ថា សភាធ្លាប់បានអនុម័តថវិកា ១.៩ ពាន់លានដុល្លាររួចហើយ ដើម្បីជំនួសមជ្ឈមណ្ឌលចាស់ៗទាំងនោះ។
ដែនអាកាសដ៏ស្មុគស្មាញបំផុតនៅលើពិភពលោកមួយនេះ ធ្លាប់ជួបប្រទះនូវព្រឹត្តិការណ៍ជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានរំខានដល់ជើងហោះហើរ និងបង្កហានិភ័យដល់សុវត្ថិភាព។ ជាក់ស្តែង កាលពីខែមករា ឆ្នាំ២០២៥ ការប៉ះទង្គិចគ្នានៅកណ្តាលអាកាសនាអាកាសយានដ្ឋានអន្តរជាតិ Ronald Reagan Washington National Airport បានបណ្តាលឱ្យមនុស្ស ៦៧ នាក់បាត់បង់ជីវិត។
សភាធ្លាប់បានអនុម័តថវិកា ១២.៥ ពាន់លានដុល្លារសម្រាប់រយៈពេល ៥ ឆ្នាំ កាលពីខែកក្កដា ឆ្នាំ២០២៥ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស និងបង្កើនការជ្រើសរើសបុគ្គលិកបញ្ជាចរាចរណ៍ បន្ទាប់ពីមានការត្អូញត្អែរអំពីការកកស្ទះនៅអាកាសយានដ្ឋាន ការពន្យារពេលជើងហោះហើរ និងបញ្ហាបច្ចេកវិទ្យា។
សំណើពីនាយកការិយាល័យគ្រប់គ្រង និងថវិកានៃសេតវិមាន លោក Russell Vought និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Sean Duffy នេះ បានស្វែងរកថវិកាចំនួន ១០.១ ពាន់លានដុល្លារសម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ដែលក្នុងនោះរួមមាន ៧.២ ពាន់លានដុល្លារសម្រាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មរួម និងកន្លែងធ្វើការរបស់បុគ្គលិកបញ្ជាចរាចរណ៍ ព្រមទាំង ២ ពាន់លានដុល្លារទៀតសម្រាប់ប្រព័ន្ធផ្ទុកទិន្នន័យ (cloud computing)។
លោក Duffy និងលោក Vought បានសរសេរលិខិតទៅកាន់សមាជិកសភាដើម្បីស្នើសុំចំណាត់ការជាបន្ទាន់ថា៖ «ការវិនិយោគនេះមានសារៈសំខាន់ណាស់ក្នុងការបញ្ចប់ការធ្វើទំនើបកម្មដែនអាកាសជាតិរបស់យើង ដោយផ្តល់នូវបណ្តាញទូរគមនាគមន៍ដ៏រឹងមាំសម្រាប់បុគ្គលិកបញ្ជាចរាចរណ៍ផ្លូវអាកាស គ្រឿងបរិក្ខារ និងកម្មវិធីកុំព្យូទ័រទំនើបៗ ប៉មត្រួតពិនិត្យដ៏ជឿនលឿន និងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានកម្រិតពិភពលោក»។
ក្រុមហ៊ុនអាកាសចរណ៍ធំៗ រួមមាន American Airlines, Delta Air Lines, United Airlines និង Southwest Airlines សុទ្ធតែបានសម្តែងការគាំទ្រចំពោះសំណើនេះ។
គួរបញ្ជាក់ថា សំណើថវិកា ៣០.១ ពាន់លានដុល្លារនេះ ក៏រួមបញ្ចូលទាំង ២ ពាន់លានដុល្លារសម្រាប់ជំនួស និងកែលម្អប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសរបស់ FAA និង ១៨ ពាន់លានដុល្លារទៀតសម្រាប់គម្រោងពាក់ព័ន្ធនឹងអាកាសយានដ្ឋាន រួមទាំង ១០ ពាន់លានដុល្លារសម្រាប់ធ្វើទំនើបកម្ម ឬជំនួសចំណតអ្នកដំណើរ (terminals) ដែលចាស់ទ្រុឌទ្រោមផងដែរ។
បច្ចុប្បន្ន ស្ថាប័ន FAA នៅតែពឹងផ្អែកលើកុំព្យូទ័រដែលមានអាយុកាលរាប់ទសវត្សរ៍ ក៏ដូចជាគ្រឿងបន្លាស់ដែលទិញតាមរយៈគេហទំព័រដេញថ្លៃនៅឡើយ។ កាលពីសប្តាហ៍មុន ស្ថាប័ននេះបាននិយាយថា ខ្លួននឹងជំនួសបន្ទះថាសទន់ (floppy disks) ដែលប្រើប្រាស់សម្រាប់រក្សាទុកព័ត៌មានអាកាសធាតុ និងព័ត៌មានសំខាន់ៗផ្សេងទៀតនៅតាមកន្លែងត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសជាង ៤០០ កន្លែង នៅត្រឹមចុងឆ្នាំ ២០២៨។
នៅក្នុងលិខិតនោះ លោក Vought និងលោក Duffy បានបញ្ជាក់ថា FAA បានផ្លាស់ប្តូរបណ្តាញទូរគមនាគមន៍ប្រភេទខ្សែទង់ដែងចាស់ៗបាន ៦៨% ហើយ ដោយជំនួសមកវិញនូវហេដ្ឋារចនាសម្ព័ន្ធប្រភេទអុបទិក (fiber) ល្បឿនលឿន។
រដ្ឋបាលបច្ចុប្បន្នបានអំពាវនាវឱ្យសភាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ អនុម័តថវិកានេះនៅក្នុងសប្តាហ៍ចុងក្រោយនៃឆ្នាំនេះ ខណៈដែលគណបក្សប្រជាធិបតេយ្យនឹងត្រូវចូលកាន់កាប់ការគ្រប់គ្រងសភានៅខែមករា ឆ្នាំក្រោយ។
គួររំលឹកផងដែរថា កាលពីខែកញ្ញា ការខូចខាតប្រព័ន្ធសៀគ្វីព្រមគ្នានៅទីតាំងត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសនៅទីក្រុង Philadelphia និងការកាត់ផ្តាច់ខ្សែកាបអុបទិកដោយចៃដន្យពីសំណាក់ក្រុមជាងសំណង់នៅរដ្ឋ New Jersey បានបណ្តាលឱ្យជើងហោះហើររាប់ពាន់នៅទូទាំងតំបន់ភាគឦសានដែលមានប្រជាជនរស់នៅកុះករ ត្រូវពន្យារពេល ឬលុបចោលទាំងស្រុង។
ប្រែសម្រួល៖ គីរី
