Covid-19

សម្ដេច ស ខេង ណែនាំវិធានការ បន្ទាន់សម្រាប់បង្ការ និងទប់ស្កាត់ការរាតត្បាត ជំងឺកូវីដ១៩

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំវិធានការបន្ទាន់សម្រាប់បង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

ក្នុងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា អនុវត្តតាមការអំពាវនាវ និងអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ៖

ទី១-អគ្គនាយកដ្ឋាន និងអង្គភាពនានា ត្រូវកាត់បន្ថយមន្ត្រីមកបំពេញការងារ ដោយតម្រូវឲ្យចាត់មន្ត្រីពី ៥នាក់ទៅប្រចាំការនៅតាមអង្គភាពនីមួយៗ ចាប់ពីថ្ងៃ៩-១៥មីនា ។ អគ្គនាយកដ្ឋាន និងអង្គភាពនានាត្រូវរៀបចំបញ្ជីឈ្មោះមន្ត្រីប្រចាំការទាំងនោះ បញ្ជូនមក អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅថ្ងៃ៩ មីនា ។

ទី២-ថ្នាក់ដឹកនាំ មន្ត្រី និងអនុរក្សពន្ធនាគារនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនានាទូទាំងប្រទេស ត្រូវបន្តបំពេញការងារជាធម្មតា ដោយត្រូវលើកកម្ពស់ការពង្រឹង ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពឲ្យបានហ្មត់ចត់ ជាមួយនឹងការបន្តការអនុវត្តវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩។

ទី៣-ប្រគល់ភារកិច្ចជូនលោក ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំសម្របសម្រួល ជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា អំពីកិច្ចដំណើរការ និងការពង្រឹងការអនុវត្តវិធានការការពារជំងឺកូវីដ ១៩។

ទី៤-អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃត្រូវរៀបចំប័ណ្ណចេញ-ចូល ផ្ដល់ជូនចំពោះតែថ្នាក់ដឹកនាំ និងមន្ដ្រីត្រូវបានចាត់ឲ្យ មកប្រចាំការតែប៉ុណ្ណោះ។

ទី៥-ដើម្បីធានានិរន្តរភាពការងារ របស់ក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីរាជការស៊ីវិល មន្ដ្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារដែល ពុំមានភារកិច្ចចាំបាច់ ត្រូវបន្តបំពេញការងារតូចមួយតាម អនឡាញ (Online)។

ទី៦-ត្រូវផ្អាកជាបណ្តោះអាសន្ននូវការជួបជុំ ការប្រារព្ធពិធី ការសំណេះសំណាលនានាមានលក្ខណៈ ទ្រង់ទ្រាយធំ និងមានមនុស្សចូលរួមកុះករ។

ទី៧- ត្រូវតាមដាន ត្រួតពិនិត្យសុខភាពរបស់ខ្លួនជាប្រចាំ។ សម្រាប់មន្ត្រីរាជការដែលមានអាការក្តៅខ្លួន ក្អក ផ្តាសាយ ឬមានការសង្ស័យណាមួយពាក់ព័ន្ធនឹងជំងឺកូវដ ១៩ ពុំចាំបាច់មកបំពេញការងារនោះទេ និងត្រូវរាយការណ៍ ទៅអង្គភាពរបស់ខ្លួន ហើយត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ឬទាក់ទងទៅ ភ្នាក់ងារសុខាភិបាលតាមរយៈទូរស័ព្ទលេខ១១៥។

និងទី៨-ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ការពារ ( ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម ៕

To Top