ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យ រដ្ឋបាលរាជធានីភ្នំពេញ និងមេបញ្ជាការកងទ័ពជើងគោក និងភាគីពាក់ព័ន្ធមួយចំនួនត្រូវរៀបចំសណ្ឋាគារចំនួន២បន្ថែមទៀត ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។
តាមរយៈសារសំឡេង នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ដោយសារជំងឺកូវី ដ-១៩ កើនឡើងយ៉ាងគំហុក ហើយបានរៀបចំសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់) មួយកន្លែងដោយគ្រប់គ្រងខាងផ្នែកស៊ីវិល និងមានការរៀបចំដោយកម្លាំងកងទ័ព។
សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំបានចេញបញ្ជាឲ្យ សាលារាជធានីភ្នំពេញ និងមេបញ្ជាការកងទ័ពជើងគោក រៀបចំមន្ទីរពេទ្យ២បន្ថែមទៀត ដោយយកសណ្ឋាគារធ្វើជាកន្លែងរៀបចំ ដែលអាចមានប្រមាណ២០០បន្ទប់ ឬអាចលើស នេះ»។
សម្ដេចតេជោ បន្ដថា ដោយសារស្ថានភាពបែបនេះ សម្តេច ក៏បានពិភាក្សាជាមួយ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដើម្បីបញ្ចេញក្រុមគ្រូពេទ្យរបស់កងទ័ព ចេញអន្តរាគមន៍ជួយដល់គ្រូពេទ្យស៊ីវិល។
សម្ដេចថា ខាង សម្ដេច ទៀ បាញ់ ក៏បានឲ្យដឹងថា ត្រូវរៀបចំជា៣០ក្រុម នៃក្រុមគ្រូពេទ្យរបស់កងទ័ព ដើម្បីមកជួយ ដល់ខាងផ្នែកស៊ីវិល។
សម្ដេចតេជោ ក៏បានស្នើ សម្តេច ទៀ បាញ់ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ត្រូវធ្វើការពិភាក្សាគ្នា ដើម្បីប្រគល់ភារកិច្ចនេះ ឲ្យកងទ័ពរៀបចំ និងគ្រប់គ្រង ដោយប្រើប្រាស់គ្រូពេទ្យ និងវេជ្ជបណ្ឌិតកងទ័ព ហើយកម្លាំង សល់ពីនោះ ក៏ត្រូវរៀបចំ ដើម្បីត្រៀមអន្តរាគមន៍ ទៅកាន់គោលដៅ ដែលមានហានិភ័យខ្ពស់។
សម្ដេចតេជោ បន្ថែមថា មេបញ្ជាការកងទ័ពជើងគោក ស្ថិតនៅក្នុងគណៈកម្មាធិការអន្ដក្រសួង និងជាអនុគណៈកម្មាធិ ការចត្តាឡីស័ក ដូច្នេះ កម្លាំងគ្រូពេទ្យកងទ័ព ក៏ត្រូវប្រគល់ជូន មេបញ្ជាការកងទ័ពជើងគោកគ្រប់គ្រងនិងដឹកនាំចាត់ចែងជាមួយកម្លាំងដ៏ទៃទៀតកំពុងប្រើប្រាស់ក្នុងការអនុវត្តនូវវិធានការគ្រប់គ្រងការធ្វើចត្តាឡីស័ក។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំផ្គត់ផ្គង់របបឧបត្ថម្ភ ដល់ក្រុមប្រតិបត្តិការ ក្នុងការព្យាបាលជំងឺកូវីដ-១៩។
ជាមួយគ្នានេះ សម្ដេច ណែនាំក្រសួងសុខាភិបាល រៀបចំនូវ សម្ភារបរិក្ខា ដើម្បីបំពាក់ឲ្យកម្លាំង ប្រមាណជា៣០០០នាក់ ដែលស្មើនឹង៣០ក្រុម។
សូមរំលឹកថា គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១១២៤នាក់ ក្នុងនោះ ជាសះស្បើយ ចំនួន៥៤៩នាក់ និងអ្នកកំពុងសម្រាកព្យាបាល ចំនួន៥៧៤នាក់៕