ព័ត៌មានអន្តរជាតិ

ថៃ នឹងបើកប្រទេសឡើងវិញ នៅត្រឹមខែតុលា និងបញ្ចប់ការរឹតត្បិត ប្រសិនបើគ្រប់ផ្នែកទាំងអស់នៅតែបន្តសហប្រតិបត្តិការជាមួយរដ្ឋាភិបាល

បរទេស៖ មជ្ឈមណ្ឌល សម្រាប់គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសថៃនឹងត្រូវបើកដំណើរការ ជាថ្មីពេញលេញនៅត្រឹមខែតុលា ហើយរាល់ការរឹតត្បិត ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នឹងត្រូវដកចេញ ប្រសិនបើគ្រប់ផ្នែកទាំងអស់ នៅតែបន្តសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ ការឆ្លងរាលដាលវីរុស។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យជំនួយការ CCSA លោក Apisamai Srirangson បាននិយាយថា ក្នុងចំណោមតម្រូវការធំ ៗ សម្រាប់បើកដំណើរការប្រទេសឡើងវិញ បន្ទាប់ពីការរឹតបន្តឹងខ្លាំង អស់រយៈពេលជាងមួយឆ្នាំ គឺការត្រៀមខ្លួនរបស់វិស័យសាធារណៈ ដើម្បីចាប់ផ្តើមជីវិតធម្មតាឡើងវិញ។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំ អនុគណៈកម្មាធិការរបស់ CCSA ស្តីពីការបន្ធូរបន្ថយការរឹតត្បិតអាជីវកម្ម និងសកម្មភាពនានា លោកបណ្ឌិត Apisamai បានសរសើរមន្ត្រីនៅខេត្ត សាមុតសាខន ដែលជាចំណុចកណ្តាលនៃរលក នៃការឆ្លងថ្មីៗនេះ។

លោកវេជ្ជបណ្ឌិត Apisamai បាននិយាយថា គិតត្រឹមថ្ងៃច័ន្ទ កម្មកររោងចក្រចំនួន ១១២ ៥៩៥ នាក់ និងអ្នកលក់ដូរទីផ្សារស្រស់ ក៏ដូចជាសហគមន៍ក្នុងតំបន់នានា នៃខេត្តសាមុតសាខន ត្រូវបានធ្វើតេស្តរកវីរុសកូវីដ១៩ ហើយជាលទ្ធផល មានមនុស្សចំនួន ៩៧៥នាក់ ក្នុងចំណោមពួកគេ គឺឆ្លងវីរុសនេះ ៕ ប្រែសម្រួលៈ ណៃ តុលា

To Top