ព័ត៌មានអន្តរជាតិ

តួកគី រុស្ស៊ី​ និងកាតា នឹងជំរុញ ឲ្យមានដំណោះស្រាយ នយោបាយនៅស៊ីរី

បរទេស ៖ រដ្ឋមន្ត្រីការទេសតួកគី លោក Mevlut Cavusoglu បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសតួកគី រុស្ស៊ីនិងកាតា កំពុងតែធ្វើកិច្ចប្រឹងប្រែង រួមគ្នា មួយ ដើម្បីលើកកម្ពស់ ឲ្យមានដំណោះស្រាយ នយោបាយមួយ ចំពោះជម្លោះ១០ឆ្នាំ របស់ប្រទេសស៊ីរី ។

ក្រោយកិច្ចពិភាក្សាគ្នា ក្នុងទីក្រុងដូហា ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងកាតារួចមក លោក Mevlut Cavusoglu បានមានប្រសាសន៍ យ៉ាងដូច្នេះថា “នៅក្នុងថ្ងៃ នេះ យើងបានចាប់ផ្តើម ដំណើរការពិភាក្សា ត្រីភាគីថ្មីមួយ ហើយគោល ដៅរបស់យើង គឺដើម្បី ពិភាក្សាពីវិធី ដែលយើងអាចរួមចំណែក ក្នុងកិច្ចប្រឹងប្រែង ឆ្ពោះទៅរកដំណោះស្រាយ នយោបាយយូរអង្វែង នៅក្នុងប្រទេសស៊ីរី” ។

លោកបានមានប្រសាសន៍ថា រដ្ឋមន្ត្រីទំាង៣រូប បានធ្វើការ សង្កត់ធ្ងន់ក្នុងកិច្ចប្រជុំនោះថា ដំណោះស្រាយ ចំពោះជម្លោះ ដែលមានមនុស្សសែននាក់ បានស្លាប់បាត់បង់ ជីវិត និងមនុស្សរាប់លាននាក់ រត់ចោលផ្ទះសម្បែងនោះ គឺជាដំណោះ ស្រាយ នយោបាយមួយ ស្របទៅតាម សេចក្តីសម្រេច អង្គការ សហប្រជាជាតិ។

គួរបញ្ជាក់ថា ប្រទេសតួកគីនិងកាតា បានគាំទ្រក្រុមប្រយុទ្ធ ដែលស្វះស្វែង ផ្តួលរំលំប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ ស្របពេល ដែលទីក្រុងមូស្គូ ផ្តល់ការគាំទ្រផ្នែកយោធា ជួយលោក អាសាដ ដណ្ដើមបានមកវិញនូវទឹកដីភាពច្រើនក្នុងប្រទេស ៕ ប្រែសម្រួល៖ប៉ាង កុង

To Top