ព័ត៌មានអន្តរជាតិ

របាយការណ៍ ៖ នាវាដឹកយន្តហោះ អាមេរិក ជាងពាក់កណ្តាលខូច និងកំពុងជួសជុល

បរទេស ៖ នាវាដឹកយន្តហោះគឺជាអាវុធសំខាន់មួយ នៅក្នុងឃ្លាំងអាវុធ របស់សហរដ្ឋអាមេរិក ហើយវាជារឿយៗ ប្រើនៅក្នុងក្រុមវាយប្រហារ ដែលបានដាក់ពង្រាយ នៅតាមតំបន់នានា ដែលរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ចង់បញ្ចេញយោធារបស់ពួកគេ ។ នាវាដឹកយន្តហោះទាំងនោះ ជាញឹកញាប់បានបង្ហាញខ្លួន នៅឈូងសមុទ្រពែក្ស និងសមុទ្រចិនខាងត្បូង បើទោះបីជាប្រទេស ក្នុងតំបន់មួយចំនួនអំពាវនាវថា ការដាក់ពង្រាយបែបនេះ គឺជា”ការបង្កហេតុ” ក៏ដោយ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា នាវាដឹកយន្តហោះរបស់អាមេរិកចំនួន ៦ គ្រឿង ក្នុងចំណោមនាវាទាំង ១១គ្រឿង ដែលទាំងអស់ត្រូវ បានចាត់ឱ្យទៅកំពង់ផែ Norfolk នៅឆ្នេរខាងកើតអាមេរិក បច្ចុប្បន្នមិនដំណើរការ ហើយកំពុងធ្វើការជួសជុល ឬថែទាំ ដែលនាវា ខ្លះអាចមានរយៈពេលប្រហែល ២ ឆ្នាំ ក្នុងការជួសជុល។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Breaking Defence ដោយដកស្រង់ទិន្នន័យ ដែលទទួលបានពីកងទ័ពជើងទឹក សហរដ្ឋអាមេរិក។

តាមសេចក្តីរាយការណ៍ត្រូវបានគេរំពឹងថា យ៉ាងហោចណាស់មាននាវាដឹកយន្តហោះ East Coast carriers មួយគ្រឿងអាចដំណើរការ បានប៉ុន្តែនាវា USS Harry S. Truman (CVN 75) ត្រូវបានបង្ខំឱ្យបោះបង់ចោលបេសកកម្មរបស់ខ្លួននៅខែកញ្ញា ឆ្នាំ ២០១៩ ដោយសារមានបញ្ហាជាមួយបណ្តាញអគ្គិសនី ហើយត្រឡប់ទៅ Norfolk ដើម្បីជួសជុល៕

ប្រែសម្រួលៈ ណៃ តុលា

To Top