ព័ត៌មានជាតិ

អភិបាលខណ្ឌចំការមន ទទួលអំណោយ សប្បុរសធម៌ យកចែកជូនពលរដ្ឋ មានជីវភាពខ្វះខាត ដោយវិបត្តិកូវីដ-១៩

ភ្នំពេញ ៖ វិស័យឯកជន នៅកម្ពុជា បានចូលរួមយ៉ាងសស្រាក់ស្រាំ ជាមួយរាជរដ្ឋាភិបាល ដោយបរិច្ចាគធនធាន យ៉ាងច្រើនសន្ឌឹកសន្ធាប់ ដើម្បីរួមចំណែកក្នុងការ លើកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារវិបត្តិកូវីដ-១៩ បានរាតត្បាត ក្នុងសហគមន៍ ជាពិសេសក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ជាក់ស្តែងក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុប បាននាំយកអំណោយជាគ្រឿង ឧបភោគបរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ មកផ្តល់ជូនរដ្ឋបាល ខណ្ឌចំការមន ដើម្បីនាំយកទៅជួយពលរដ្ឋមានជីវភាពខ្វះខាត ជាង៨០០គ្រួសារ រងផលប៉ះពាល់ ដោយសារវិបត្តិកូវីដ-១៩ ។

ក្នុងពិធីប្រគល់ និងទទួលអំណោយសប្បុរសធម៌នា ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ លោក ហ្កាប្រ៊ីល តាន់ ប្រធាននាយកដ្ឋាន ទំនាក់ទំនងកិច្ចការសាធារណៈ និងជាតំណាង ក្រុមហ៊ុនព្រីនស៍ ហូលឌីងគ្រុប បានឲ្យដឹងថា នេះគឺជាឱកាសសំខាន់ សម្រាប់បង្ហាញការគាំទ្រ ដល់សហគមន៍ ដែលរងគ្រោះដោយសារកូវីដ-១៩ ។

លោកបន្តថា ចាប់តាំងពីការផ្ទុះឡើងនូវព្រឹត្តិការណ៍២០កុម្ភៈមក ខណ្ឌចំការមន បានរងផលប៉ះពាល់យ៉ាងខ្លាំង។ នៅក្នុងគ្រាដ៏លំបាកនេះ កើតមាននូវភាពមិនច្បាស់លាស់ ការព្រួយបារម្ភ និងកង្វល់ជាច្រើន ។ ក្នុងនាមក្រុមហ៊ុនឯកជន ចាំបាច់ត្រូវទទួលស្គាល់ថា ពួកគេត្រូវបានចាត់ទុកជាសសរស្តម្ភដ៏ សំខាន់សម្រាប់ទ្រទ្រង់ដល់សង្គម និងមានតួនាទីសំខាន់ ដែលត្រូវតែចូលរួមចំណែក ក្នុងការថែរក្សាសហគមន៍ដែលយើងកំពុងស្ថិតនៅនិងប្រតិបត្តិការអាជីវកម្ម។

លោកបញ្ជាក់ថា ក្រុមហ៊ុនបានចាត់វិធានកម្មយ៉ាងឆាប់រហ័ស និងសហការជាមួយសាលាខណ្ឌចំការមន ដើម្បីធ្វើការបរិច្ចាគនេះ រួមមានសម្ភារៈ ប្រើប្រាស់ប្រចាំថ្ងៃ ដូចជា៖ អង្ករ មី និង សម្ភារផ្សេងទៀត ដល់ប្រជាពលរដ្ឋចំនួន៨០៤គ្រួសារ ដែលត្រូវការជំនួយបន្ទាន់ ។ ក្រៅពីនេះ ក៏បានឧបត្ថម្ភទឹកបរិសុទ្ធ និងភេសជ្ជៈរាប់រយកេសទៀត ដល់កម្លាំងការពារធ្វើការ ទាំង២៤ម៉ោង ដោយមិនចេះនឿយហត់ នៅតាមគោលដៅក្នុង ភូមិសាស្ត្រខណ្ឌចំការមន ដើម្បីធានានូវសុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ។

តាមរយៈកិច្ចខិតខំ របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ លោកសង្ឃឹមថា ការបរិច្ចាគរបស់នេះ ក្រុមហ៊ុននឹងជួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្ពោះទៅរកគោលដៅចាក់វ៉ាក់សាំង ជូនប្រជាជនយ៉ាងតិច៨០% ឬចំនួនជិត១៣លាននាក់ ។

ក្នុងឱកាសនោះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានសម្តែង នូវអំណរគុណ ចំពោះទឹកចិត្ត របស់ក្រុមហ៊ុនបានបរិច្ចាគ ជួយពលរដ្ឋមានជីវភាពខ្វះខាត ក្នុងសហគមន៍នេះ។ លោកចាត់ទុកអំណោយនេះ ពិតជាវិសេសវិសាល និងចំពេលវេលាដែលរដ្ឋបាលខណ្ឌចំការមន កំពុងត្រូវការសម្ភារៈទាំងនេះ ជួយដល់ប្រជាពលរដ្ឋជាង៨០០គ្រួសារ ។

លោកអភិបាលខណ្ឌសន្យាថា នឹងនាំយកអំណោយទាំងនេះ ទៅដល់ដៃពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ ទាំង៨០៤គ្រួសារក្នុងសហគមន៍ខណ្ឌចំការមន ។ បន្ថែមពីនេះ រដ្ឋបាលខណ្ឌចំការមន បានត្រៀមខ្លួន ជានិច្ចក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនព្រីនស៍ ទៅតាមអនុសារណៈយោគយល់គ្នា ដែលបានចុះហត្ថលេខា ដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកអគ្គនាយកក្រុមហ៊ុនព្រីសន៍ ហូលឌីង គ្រប់កាលពីពេលកន្លងទៅនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ៕

To Top