ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មណ្ឌលផ្តល់បណ្ណបើកបរ នៅផ្សារទំនើបអ៉ីអនម៉លទី១ និងអ៉ីអនម៉លទី២ ផ្អាកដំណើរការជាបណ្តោះអាសន្ន ចាប់ពីទី២១-២៨ ខែមីនា ឆ្នាំ២០២១ ខាងមុខ ដើម្បីចូលរួមទប់ស្កាត់ការរីករាលជំងឺកូវីដ១៩។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ ក្រសួងសាធារណការ កាលពីថ្ងៃទី២០ មីនាបានឲ្យដឹងថា «បងប្អូនសាធារណជន អាចទៅទទួលសេវាសាធារណៈ របស់ក្រសួងសាធារណការ នៅផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល ជាន់ទី៣ (ជិតវិមានឯករាជ្យ) និងមណ្ឌលផ្តល់សេវាសាធារណៈ នៅក្នុងទីស្តីការក្រសួងសាធារណការ (ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ)។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១៦៩០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៥០នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៣៥នាក់, ស្លាប់ចំនួន ៣នាក់ ៕