Covid-19

អភិបាលរាជធានីភ្នំពេញឲ្យ តាមដានទីតាំងត្រូវផ្អាកកុំឲ្យ លួចបើកអំឡុងពេល កំពុង រាលដាលជំងឺកូវីដ១៩

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញក្នុងកិច្ចប្រជុំនាថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ បានជម្រុញបន្ថែម ឲ្យខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធ ពិនិត្យតាមដាន ចំពោះទីតាំងមួយចំនួនដែល បានផ្អាកជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩នោះ ធ្វើយ៉ាងណាកុំឲ្យមានការលួចលាក់បើកដំណើរ ការដែលលជាហេតុនាំឲ្យមានហានិភ័យ នៃការចម្លងកាន់តែខ្ពស់ក្នុងមូលដ្ឋាន ។

ក្រោយកិច្ចប្រជុំ រយៈពេលប្រមាណ ៣ម៉ោង តាមរយៈប្រព័ន្ធវីដេអូ (Video Conference) លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា លោក ឃួង ស្រេង បានដឹកនាំប្រជុំ មានការចូលរួមពីស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ ក៏ដូចជាលោកលោកស្រី អភិបាលខណ្ឌទាំង១៤ រួមទាំងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យការងារ ក៏ដូចជាសរុបសភាពការណ៍ផ្សេងៗ ក្នុងរាជធានីភ្នំពេញជុំវិញការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ និងការដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ។

លោក ម៉េត មាសភក្តី បានសរុបខ្លឹមសារកិច្ចប្រជុំឲ្យដឹងថា ” ឯកឧត្តម ឃួង ស្រេង បានក្រើនរំលឹកដល់គណៈបញ្ជារការឯកភាពខណ្ឌទាំង១៤ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវស្មារតីនៃលិខិត បទដ្ឋានគតិយុត្តផ្សេងៗ ដែលធ្លាប់បានដាក់ចេញកន្លងមក ដើម្បីធានាបានការអនុវត្តប្រកបដោយប្រសិទ្ធភាព ។

ក្នុងនោះឯកឧត្តមអភិបាលក៏បានណែនាំបន្តត្រួតពិនិត្យទីតាំងដែលបានបិទបណ្តោះជាអាសន្ន ដូចជាហាងអ៊ីនធើណេតកាហ្វេ កន្លែងហាត់ប្រាណ ក្លឹបម៉ាស្សា ខារ៉ាអូខេ ក្លឹបកម្សាន្ត KTV ធ្វើយ៉ាងណាកុំឲ្យមានការឆកល្វែងក្នុងការលបលួចបើកមានដំណើរការ នៅទីតាំងទាំងអស់នោះ ដែលយើងធ្លាប់បានចេញផ្អាក ជាបណ្តោះអាសន្ន ក្នុងន័យចូលរួមទប់ស្កាត់ ដោយសារទីតាំង ទាំងអស់នោះ ជាទីតាំងមានលក្ខណៈហានិភ័យខ្ពស់ជាងទីតាំងផ្សេងៗ ទៀតដែលតម្រូវឲ្យមានការបិទជាបណ្តោះអាសន្ន” ។

អ្នកនាំពាក្យបានឲ្យដឹងដែរថា អភិបាលរាជធានីភ្នំពេញតែងតែក្រើនរំលឹកឲ្យខណ្ឌទាំង១៤ រួមមានការណែនាំដល់ចៅសង្កាត់ និងភូមិ ចុះពិនិត្យពីជីវភាពរបស់ប្រជាពលរដ្ឋកំពុងធ្ វើចត្តាឡីស័កកុំឲ្យមានការខ្វះខាតចំណីអាហារ។

គួរឲ្យដឹងថា អភិបាលរាជធានីភ្នំពេញបានដាក់ចេញវិធានការថ្មីរយៈពេល២សប្តាហ៍ ដោយអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ក្នុងនោះផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរ សកម្មភាពអាជីវកម្ម និងការប្រមូលផ្តុំនានានាពេលយប់ចាប់ពីម៉ោង៨ដល់ម៉ោង៥ភ្លឺ ក្នុងរយៈពេល២សប្តាហ៍៕

ដោយ៖ ដារាត់

To Top