Covid-19

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កូវីដ១៩ ជាឱកាសសម្រាប់កម្ពុជា ធ្វើកំណែទម្រង់ ពង្រឹងវិស័យពាណិជ្ជកម្ម និងភាពធន់នៃសេដ្ឋកិច្ច

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា កម្ពុជាប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ទៅជាឱកាសកែទម្រង់ក្នុងប្រទេស ហើយក្រសួងខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញផលិតកម្មក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងធ្វើពពិធកម្មវិស័យនាំចេញ សំដៅជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។

ក្នុងពិធីបើកសន្និបាតបូកសរុប ការងារពាណិជ្ជកម្ម ឆ្នាំ២០២០ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្ម ឆ្នាំ២០២១ នៅទីស្តីការក្រសួង កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ បានឲ្យដឹងថា សមិទ្ធផលការងារឆ្នាំ២០២០ និងការរក្សាបានកំណើននាំចេញ ១៦,៧% ប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ ការខិតខំធ្វើពិពិធកម្មទីផ្សារ និងទាក់ទាញវិនិយោគថ្មីៗបន្ថែម តាមរយៈការចរចារបង្កើតតំបន់ ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ការពង្រឹងវិស័យកម្មសិទ្ធិបញ្ញា និងកិច្ចការពារអ្នកប្រើប្រាស់ និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប ដើម្បីលើកកម្ពស់សេវាសាធារណៈ និងសម្រួលការធ្វើធុរកិច្ចជាដើម។

លោកបន្តទៀតថា ក្រសួងពាណិជ្ជកម្មបានកំពុងខិតខំពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងាររបស់មន្រ្តីថែមទៀត ដើម្បីចូលរួមប្រកួតប្រជែងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក តាមរយៈការពង្រឹងធនធានមនុស្ស ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាល និងគ្រប់គ្រង ការអភិវឌ្ឍស្ថាប័ន រួមទាំងកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ផងដែរ។

ដើម្បីប្រមូលធាតុចូលពីវិស័យពាក់ព័ន្ធ សំដៅចងក្រង និងដាក់ចេញនូវទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២១ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ រដ្ឋមន្ដ្រីពាណិជ្ជកម្ម ក៏បានផ្តល់ឱកាសដល់ មន្ត្រីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងវិស័យឯកជន និងអង្គភាពក្រោមឱវាទក្រសួងពាណិជ្ជកម្ម រាយការណ៍អំពីសកម្មភាពការងារ បញ្ហាប្រឈម ក៏ដូចជាលើកអនុសាសន៍នានា ដើម្បីដាក់ជូនអង្គសន្និបាតធ្វើការពិភាក្សា ៕

To Top