ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ដាក់ ចេញ ផែនការមេកំណត់ចក្ខុវិស័យ ឱ្យខេត្តសៀមរាប ទាក់ទាញភ្ញៀវទេសចរ បានជាង១៨លាននាក់ និងទទួលចំណូល ជាង៦ពាន់លានដុល្លារ នៅឆ្នាំ២០៣៥

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានក្ដីរំពឹងថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀម រាប ឆ្នាំ២០២១-២០៣៥ នឹងទាក់ទាញភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ប្រមាណ១៨,៤លាននាក់ ក្នុងនោះ បង្កើតការងារ ប្រមាណ៩៤ម៉ឺននាក់ និងទទួលចំណូលក្នុងចរន្តសេដ្ឋកិច្ចខេត្តសៀមរាប ប្រមាណ៦ពាន់លានដុល្លារ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បា នថ្លែងថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ រៀបចំដោយ គណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប។ ផែនការមេនេះ មានគោលដៅធ្វើឱ្យខេត្តសៀមរាប អាចក្ដាប់យកមកវិញនូវមោទនភាព ជាគោលដៅទេសចរណ៍ចម្បងនៅប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈ ពេលមធ្យម និងវែង។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ផែនការមេនេះ កំណត់ចក្ខុវិស័យឱ្យខេត្តសៀមរាបទាក់ទាញ និងទទួលភ្ញៀវទេស ចរជាតិ និងអន្តរជាតិ ចំនួនប្រមាណ១៨,៤លាននាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ ចំនួនប្រមាណ១០,៩លាននាក់ និងទេសចរអន្តរជាតិ ចំនួនប្រមាណ៧,៥លាននាក់ បង្កើតការងារ ប្រមាណ៩៤ម៉ឺននាក់ នាំចំណូលហូរចូល ក្នុងចរន្ត សេដ្ឋកិច្ចខេត្តសៀមរាប ប្រមាណ៦ពាន់លានដុល្លារអាមេរិក និងធ្វើឱ្យខេត្តនេះ និងតំបន់ជុំវិញក្លាយជាគោលដៅទេស ចរណ៍ប្រកបដោយគុណភាពឆ្ពោះទៅ ឆ្នាំ២០៣៥ តាមរយៈការដាក់ចេញ និងអនុវត្តនូវគោលដៅយុទ្ធសាស្ត្រ»។

សម្ដេចតេជោ បន្ថែមថា គោលដៅទេសចរណ៍ប្រកបដោយគុណភាពឆ្ពោះទៅ ឆ្នាំ២០៣៥ តាមរយៈដាក់ចេញ និងអនុ វត្តនូវគោលដៅយុទ្ធសាស្ត្រ មានចំនួន៧ រួមមាន៖ ទី១,ការអភិវឌ្ឍតំបន់ទេសចរណ៍អាទិភាពនៅខេត្តសៀមរាប ,ទី២-ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ,ទី៣-ការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍មកខេត្តសៀមរាប ,ទី៤-ការពង្រឹ ងគុណភាព និងនិរន្តរភាព នៃការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ,ទី៥-ការគ្រប់គ្រងបរិស្ថាននៅខេត្តសៀមរាប ,ទី៦- ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍នៅខេត្តសៀមរាប និងទី៧-ការពង្រឹងអភិបា លកិច្ច សម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប។

សម្ដេចតេជោ ក៏លើកឡើងថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដាក់ចេញនូវយុទ្ធ សាស្ដ្រ ចំនួន៤៤ សកម្មភាពអនុវត្ត ចំនួន១៣៦ សម្រាប់រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង អមជាមួយ គម្រោងសកម្មភាពអាទិភាព ចំនួន២០៕

To Top