Covid-19

ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅប្រេស៊ីល កើនឡើងដល់ជាង ៣៣ម៉ឺននាក់

រីយ៉ូ៖ ក្រសួងសុខាភិបាលបានរាយការណ៍ថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅថ្ងៃអាទិត្យម្សិលមិញចំនួន ១,២៤០ នាក់ទៀត និងករណីឆ្លងថ្មីចំនួន ៣១,៣៥៩ ករណី ដែលចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ៣៣១,៤៣៣ នាក់។

ប្រទេសប្រេស៊ីល ដែលបានចុះបញ្ជីការឆ្លងសរុបចំនួន ១២,៩៨៤,៩៥៦ នាក់បច្ចុប្បន្ន គឺជាផ្នែកមួយនៃការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ ដែលជាការរាលដាលដ៏អាក្រក់បំផុតលំដាប់ទី ២ នៅលើពិភពលោក ចំពោះការស្លាប់ និងការឆ្លងបន្ទាប់ពីសហរដ្ឋអាមេរិក។

រដ្ឋសៅប៉ូឡូ ជារដ្ឋដែលមានប្រជាជនច្រើនជាងគេនៅក្នុងប្រទេសនេះ ក៏ទទួលរងការវាយប្រហារធ្ងន់ធ្ងរបំផុតផងដែរ ដោយមានចំនួន ២,៥២៧,៤០០ ករណី និងមានអ្នកស្លាប់ ៧៧,០២០ នាក់បន្ទាប់មកគឺទីក្រុងរីយ៉ូដឺហ្សាណេរ៉ូ មានចំនួន ៦៥៨,៤៤០ ករណី និងមានអ្នកស្លាប់ចំនួន ៣៧,៦៨៧ នាក់។

ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ កំពុងជួបប្រទះរលកថ្មីនៃការឆ្លងចាប់តាំងពីខែមករាដែលបានគ្របដណ្ដប់លើប្រព័ន្ធសុខាភិបាលរបស់រដ្ឋជាច្រើនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

គិតត្រឹមថ្ងៃសៅរ៍ប្រេស៊ីល បានចាក់វ៉ាក់សាំងការពារ មនុស្សបានចំនួន ២៤។៥ លាននាក់ ក្នុងចំនោមពួកគេចំនួន ១៩,១៨ លាននាក់បានទទួល ដូសដំបូង ហើយ ៥,៣២ លាននាក់បានទទួលដូសទាំងពីរ៕ដោយ ឈូក បូរ៉ា

To Top