ភ្នំពេញ ៖ នៅសាលប្រជុំក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតី ដឹកនាំបើកកិច្ចប្រជុំបូកសរុប វាយតម្លៃ និងលើកទិសដៅការងារ វិស័យធនធានទឹក និងឧតុនិយម ដោយមានការឡើង ធ្វើបទបង្ហាញ ពីគ្រប់បណ្តាមន្ទីរធនធានទឹក និងឧតុនិយម និងថ្នាក់ដឹកនាំទទួលបន្ទុក តាមមុខព្រួញរាជធានី-ខេត្ត ។
កិច្ចប្រជុំប្រព្រឹត្តទៅរយៈពេល ០២ ថ្ងៃ ពីថ្ងៃទី ៣-៤ ខែធ្នូ ឆ្នាំ ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត គណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ។
លោករដ្ឋមន្រ្តី លឹម គានហោ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ក្នុងគោលបំណង ៖ ទី ១- ធ្វើការត្រួតពិនិត្យស្ថានភាពពាក់ព័ន្ធនឹងទឹក ទាំងទឹកភ្លៀង និងទឹកទន្លេ ពីបរិមាណ និងពេលវេលា ដោយធ្វើការប្រៀបធៀបឆ្នាំចាស់ និងមធ្យមភាគច្រើនឆ្នាំ, ទី ២- ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ ២០១៩ តើមានការខូចខាត និងប៉ះពាល់ប៉ុន្មាន នៅទីតាំងណាខ្លះ និងការងារបង្កបង្កើនផលស្រូវប្រាំងឆ្នាំ ២០១៩-២០២០ ដោយពិនិត្យលើស្ថានភាពទឹក ជាក់ស្តែង និងមានវិធានការយ៉ាងណា នៅពេលជួបការខ្វះខាតទឹក, ទី ៣- បណ្តាវិធានការ ដែលក្រសួងបាន និងកំពុងអនុវត្តនាពេលកន្លងមក ទី ៤- មូលហេតុអ្វី បានជាបណ្តារាជធានី ខេត្តមួយចំនួនផ្ទៃដីបង្កបង្កើនផល ត្រូវបានបាត់បង់ ឬរួមតូច បណ្តាលមកពីអ្វី?
និងទី ៥- ការត្រួតពិនិត្យលំអិតបន្ថែម ពាក់ព័ន្ធនឹងការរៀបចំនូវផែនទី ស្តីពីទឹកជំនន់ (Flood Mapping) ៕