ហាណូយ ៖ អគ្គលេខាធិការបក្ស លោកង្វៀន ភូទ្រុង បានជួបពិភាក្សា តាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ ក្នុងអំឡុងពេល ដែលថ្នាក់ដឹកនាំ បានជូនដំណឹងដល់គ្នាទៅវិញទៅមក អំពីកិច្ចការធំ ៗ និងសមិទ្ធិផលនានា នៃប្រទេសទាំងពីរ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា លោក ង្វៀន ភូទ្រុង បានប្រាប់លោកពូទីន អំពីលទ្ធផលនៃសមាជជាតិលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ការរីកចម្រើនរបស់វៀតណាមបន្ទាប់ពី ៣៥ ឆ្នាំនៃការធ្វើកំណែទម្រង់ជាតិ ក៏ដូចជាទស្សនវិស័យគោលដៅនិងទិសដៅ របស់ប្រទេសសម្រាប់ ការអភិវឌ្ឍនាពេលអនាគត។
ដោយបង្ហាញការដឹងគុណ ចំពោះការគាំទ្ររបស់រុស្ស៊ី ចំពោះវៀតណាម មេដឹកនាំបក្សលោក ង្វៀនបានថ្លែងថា បក្សនិងរដ្ឋវៀតណាម តែងតែវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាព ជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយរុស្ស៊ី ។ លោកសង្ឃឹមថា ចំណងទាក់ទងទ្វេភាគី នឹងរីកចម្រើនប្រកបដោយផ្លែផ្កា សម្រាប់ជាប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរ ក្នុងការរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។
លោក ង្វៀន ភូទ្រុង ប្រធានគណបក្ស វៀតណាម បានឆ្លៀតយកឱកាសនោះ អញ្ជើញលោកពូទីនមកបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាមនៅឆ្នាំនេះ និងចូលរួមពិធីបិទឆ្នាំវៀតណាម នៅប្រទេសរុស្ស៊ី និងឆ្នាំរុស្ស៊ីនៅវៀតណាម ។ ប្រធានាធិបតីរុស្ស៊ីបានទទួលយកការអញ្ជើញ ដោយក្តីរីករាយ៕
ប្រែសម្រួលៈ ណៃ តុលា