ព័ត៌មានជាតិ

រយៈពេល៥ឆ្នាំ ភាគីពាក់ព័ន្ធ សាងសង់ផ្ទះ ឲ្យអតីតយុទ្ធជន និងយោធិនពិការ បានជិត៣ពាន់ខ្នង

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានថ្លែងថា ចាប់ឆ្នាំ២០១៤-២០១៨ ក្រសួងបានសហការជាមួយ សមាគមអតីតយុទ្ធជនកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសាងសង់ផ្ទះចំនួន ២.៩៦៥ខ្នង ជូន អតីតយុទ្ធជន និងយោធិនពិការ ។

ផ្ទះចំនួន ២.៩៦៥ខ្នងនោះសាងសង់ដោយក្រសួងសង្គមកិច្ចបានចំនួន២០១ខ្នង ,សមាគមអតីតយុទ្ធជនកម្ពុជា សាងសង់ផ្ទះ ចំនួន ១.០៨៤ខ្នង និងក្រសួងរៀបចំដែនដី សាងសង់ផ្ទះ ចំនួន១.៦៨០ខ្នង។

លោក វង សូត មានប្រសាសន៍ ក្នុងពិធី អបអរសាទសន្និបាតបូកសរុបការអនុវត្តផែនការ យុទ្ធសាស្ត្រជាតិ ស្តីពី ពិការភាព ២០១៤-២០១៨ និងប្រកាសជាផ្លូវការ ដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ពិការភាព ២០១៩-២០២៣ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ថា “គិតពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ក្រសួងបានសហការជាមួយ សមាគមអតីតយុទ្ធជនកម្ពុជា និងក្រសួងរៀបចំដែនដី ដោះស្រាយការលំបាករបស់ អតីតយុទ្ធជន និងយោធិនមានពិការភាព តាមរយៈការសាងសង់ផ្ទះចំនួន ២.៩៦៥ខ្នង”។

ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លើកឡើងថា ជនមានពិការភាព ត្រូវបានផ្តល់អាទិភាពក្នុងការជ្រើសរើស ឲ្យចូលបម្រើការងារ នៅក្នុងក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន ដោយគិតត្រឹមឆ្នាំ២០១៩ មានចំនួន ៦,៦៥២កន្លែង។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានបន្ថែមថា ជារៀងរាល់ឆ្នាំ ជនមានពិការភាព ប្រមាណ២៨.០០០នាក់ បានទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាគ្រប់ប្រភេទដោយឥតគិតថ្លៃ រួមជាមួយនិងកញ្ចប់ឧបត្ថម្ភរបបគោលនយោបាយសម្រាប់ការធ្វើដំណើរ ការហូបចុក ស្នាក់នៅក្នុងអំឡុងពេលទទួលសេវា៕ដោយ ៖ អេង ប៊ូឆេង

To Top