សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ថា កូរ៉េខាងត្បូង បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ បន្ថែមទៀតចំនួន៦១៤នាក់ គិតត្រឹមពាក់កណ្តាលយប់ថ្ងៃសៅរ៍ បើធៀបនឹងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១០៩.៥៥៩នាក់ ។
ករណីឆ្លងជំងឺប្រចាំថ្ងៃ បានថយចុះពីថ្ងៃមុន ៦៧៧នាក់ ប៉ុន្តែ តួលេខនៅថេរ គឺលើសពី៦០០នាក់ដដែលសម្រាប់រយៈពេល៥ថ្ងៃជាប់គ្នា ។
ចំនួនអ្នកឆ្លងជំងឺត្រូវបានកត់សម្គាល់ឃើញថា មានចំនួនលើស៣ដងចាប់តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ដោយមានការប្រមូលផ្តុំគ្នានៅក្រុងសេអ៊ូល និងបរិវេណខេត្ត Gyeonggi រូមទាំងករណីនាំចូលផងដែរ ។
ក្នុងចំណោមករណីថ្មី ចំនួន២១១នាក់ ជាអ្នកស្រុកនៅសេអ៊ូល និងពលរដ្ឋចំនួន១៨២នាក់រស់នៅខេត្ត Gyeonggi ។
ចំនួន២២នាក់ ជាករណីនាំចូលពីខាងក្រៅប្រទេស ដែលបូករួមតួលេខបានកើនឡើងដល់៧.៨២៤នាក់ ។
ចំនួន០៣នាក់បន្ថែមទៀតបានស្លាប់ដែលត្រូវបានគេបញ្ជាក់ឲ្យដឹង ដែលនាំឲ្យអ្នកស្លាប់បានកើនឡើងដល់១.៧៦៨នាក់ ។ សរុបអត្រាអ្នកស្លាប់គឺ ១,៦១ភាគរយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា