ភ្នំពេញ ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹតបានប្រារព្ធពិធី ប្រកួតបាល់ទាត់វគ្គផ្ដាច់ព្រ័ត្ត ដណ្ដើមពានរង្វាន់ Leader+ រដូវកាលទី៦ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ដែលបានបញ្ចប់ ដោយភាពជោគជ័យ ខណៈជ័យលាភីលេខ១ បានទៅលើក្រុម Convenience Account មកពីនាយកដ្ឋាន សវនកម្មផ្ទៃក្នុង នៃគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុអម្រឹត។
ពានរង្វាន់ Leader+ រដូវកាលទី៦ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានចាប់ផ្តើមតាំងពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ មាន៦ក្រុមចូលរួមប្រកួត នៅទីលានបាល់ទាត់វិទ្យាល័យឥន្ទ្រទេវី ហើយក្រុមកីឡាបាល់ទាត់ទាំងអស់ សុទ្ធតែជាបុគ្គលិកបម្រើការងារនៅស្នាក់ការកណ្តាល ។
ពានរង្វាន់នេះចំណាយរយៈ ពេល១០ខែ ដោយក្នុងមួយសប្តាហ៍ប្រកួតម្ដង នៅរៀងរាល់ពេលរសៀលថ្ងៃច័ន្ទ និងព្រឹកថ្ងៃសៅរ៍ ។
ក្នុងឱកាសនោះ លោក ដុស ឌីន អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតបានឲ្យដឹងថា ការបង្កើត កម្មវិធីពានរង្វាន់បាល់ទាត់នេះ ក្នុងគោលបំណងឲ្យបុគ្គលិកទាំងអស់ រឹតចំណងមិត្តភាព កាន់តែល្អប្រសើរ មានសុខភាពល្អ សាមគ្គីជាធ្លុងមួយ និងខិតខំប្រឹងប្រែងធ្វើការ ដើម្បីភាពរីកចម្រើន ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ។
លោកបន្តថា អម្រឹតបានចូលរួមចំណែកលើកកម្ពស់ វិស័យកីឡានៅកម្ពុជា ក្រោមពាក្យស្លោកថា “កីឡានាំមកនូវសុខភាពល្អ” ។
កាលពីរដូវកាលទី៥ នៃពានរង្វាន់បាល់ទាត់ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ជើងឯកបានទៅលើក្រុម GOLDIE មកពីនាយកដ្ឋានសវនកម្មផ្ទៃក្នុង ។
សូមបញ្ជាក់ថា អម្រឹតគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានបទពិសោធន៍ជិត៣០ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងសហគ្រាសខ្នាតតូចបំផុត និងមធ្យមនៅទូទាំងប្រទេសមិនថា នៅទីប្រជុំជន ឬជនបទដាច់ស្រយាលឡើយ ៕