ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើកការវាយប្រហារ តាមអាកាសលើតំបន់ Gaza Strip


បរទេស៖ កងកម្លាំងអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានបើកការវាយប្រហារតាមអាកាស ទៅលើគោលដៅនៅក្នុងតំបន់ Gaza Strip កាលពីពេលថ្មីៗនេះ ក្នុងអ្វីដែលមន្ត្រីអ៊ីស្រាអែលនិយាយថា ជាការសងសឹកចំពោះការវាយប្រហារដោយគ្រាប់រ៉ុកកែតមួយគ្រាប់។

ទីភ្នាក់ងារសារព័ត៌មាន WAFA បានរាយការណ៍ថា យន្តហោះចម្បាំងអីស្រាអែល F-16 បានវាយប្រហារទីតាំងមួយកន្លែង នៅខាងលិចជំរុំជនភៀសខ្លួន Nuseirat បង្កឲ្យមានការខូចខាតដល់ទ្រព្យសម្បត្តិនៅក្បែរៗនោះ ហើយការវាយប្រហារតាមអាកាសនេះ ក៏ធ្វើឲ្យប៉ពាល់ដល់ដីកសិកម្មនៅជិតស្រុក Ez-Zeitoun និងទីតាំងមួយកន្លែងនៅជិតអាកាសយានដ្ឋានអន្តរជាតិហ្គាហ្សា។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា មិនមានសេចក្តីរាយការណ៍អំពីជនរងគ្រោះ ឬក៏មនុស្សស្លាប់ក្នុងហេតុការណ៍វាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែលនោះទេ។

ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយតាមបណ្ដាញសង្គមធ្វីតធ័រដូច្នេះថា “ក្នុងដំណើរឆ្លើយតបចំពោះគ្រាប់រ៉ុកកែត ដែលគេបាញ់ពីតំបន់ Gaza មកលើអ៊ីស្រាអែល នៅដើមរាត្រីយប់នេះ កងកម្លាំងរបស់យើងបានធ្វើការ វាយប្រហារគោលដៅភេរវកម្មពួក ហាម៉ាស់ ដែលរួមមានទាំងទីតាំងហ្វឹកហាត់ ប៉ុស្តិ៍បាញ់មីស៊ីលប្រឆាំងយន្តហោះ រោងចក្រផលិតបេតុង និងហេដ្ឋារចនាសម្ព័ន្ធក្រោមដីរបស់ពួកភេរវករ”៕

ប្រែសម្រួល៖ប៉ាង កុង

To Top