ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានលើកឡើងថា តាមរយៈជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន ជាង២២លានដុល្លារ សម្រាប់អនុវត្តគម្រោង ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តពោធិ៍សាត់ នឹងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាពលរដ្ឋចំនួន២៥៧គ្រួសារ ដែលពួកគេនឹងទទួលបានទឹកស្អាត ប្រើប្រាស់នាឆ្នាំ២០២២ ក្រោយបញ្ចប់ការសាងសង់ នៅខែកញ្ញា ឆ្នាំ២០២២ ។
ក្នុងពិធីចុះហត្ថលេខា លើលិខិតប្ដូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥត សំណងរបស់រដ្ឋាភិបាលជប៉ុន នៅព្រឹកថ្ងៃទី៤ ធ្នូ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា ការផ្តល់ហិរញ្ញប្បទានឥត សំណងមានទឹកប្រាក់ ប្រមាណ២២លានដុល្លារ នឹងជួយអភិវឌ្ឍន៍ ផ្នែកទឹកស្អាតនៅពោធិ៍សាត់ ។
ឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា «គម្រោងបានចុះហត្ថលេខានេះ ដើម្បីសាងសង់រោងចក្រ ប្រព្រឹត្តកម្មទឹកស្អាត ដែលអាចផ្គត់ផ្គង់ទឹកស្អាតចំណុះ៦.៦០០ម៉ែត្រ គូបក្នុងមួយថ្ងៃ និងតបណ្តាញប្រវែង ៨៦,៥ គ.ម. ចូលផ្ទះគ្រួសារពលរដ្ឋក្រីក្រប្រមាណ២៥៧គ្រួសារ ក្នុងខេត្តពោធិ៍សាត់ ។ ដំណើរការសាងសង់ចាប់ផ្តើម ពីខែវិច្ឆិកា២០២០ ដល់ខែ កញ្ញា ២០២២» ។
លោកបានរំលឹកថា សម្រាប់ឆ្នាំ២០១៩ (គិតពីថ្ងៃ១ មេសា ២០១៩ដល់ ៣១ មីនា ២០២០)រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាសរុបចំនួន ៣.៨១៦លានយ៉េន ស្មើនឹងប្រមាណ ៣៤,៥លានដុល្លារ (ដោយពុំទាន់រាប់បញ្ចូលគម្រោងដែលបានចុះហត្ថលេខានាពេលនេះ) ។
លោកប្រាក់ សុខុនគូសបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ សេដ្ឋកិច្ចកម្ពុជានៅតែមានភាពរឹងមាំ និងស្វាហាប់ដោយរក្សាបានសម្រេច កំណើនយ៉ាងឆាប់រហ័ស ក្នុងអត្រាមធ្យម ៧% ក្នុងមួយឆ្នាំដែលត្រូវបានចាត់ទុកជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ ។ សមិទ្ធផលទាំងអស់នេះ មិនអាចផ្តាច់ពីការរួមចំណែកយ៉ាងធំធេង របស់មិត្តជប៉ុនស្ទើរគ្រប់វិស័យ។
ក្នុងឱកាសនោះ លោក MIKAMI Mashiro ឯកអគ្គរាជទូតជប៉ុនបានលើកឡើងដែរថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងជប៉ុន-កម្ពុជា បាននិងកំពុងពង្រីកដល់វិស័យជាច្រើន ហើយក៏ទទួលបានលទ្ធផលដ៏ធំធេង ដូច្នេះកិច្ចសហប្រតិបត្តិការទាំងនេះបានចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ទោះបីជាតិចតួចក្តី។ ក្នុងនោះ កិច្ចសហប្រតិបត្តិការវិស័យផ្គត់ផ្គង់ទឹកស្អាត មានការរីកចម្រើនគួរឲ្យកត់សម្គាល់។
ឯកអគ្គរាជទូតបញ្ជាក់ថា «ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានកំណត់គោលដៅនៃអត្រាផ្គត់ផ្គង់ទឹកស្អាតឲ្យបាន១០០ភាគរយនៅគ្រប់តំបន់ទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៥ ។ តាមរយៈគម្រោងនេះ ខ្ញុំរំពឹងថា អត្រាផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងពោធិ៍សាត់ នឹងមានការកើនឡើង ហើយអត្រាផ្គត់ផ្គង់ទឹកស្អាត នៅទីក្រុងផ្សេងទៀត ក៏នឹងមានការអភិវឌ្ឍកាន់តែខ្លាំងដែរ» ៕ ដោយ៖ ខា ដា