អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ថា ក្រសួងមហាផ្ទៃ របស់ប្រទេសតួកគី បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា តួកគី បានធ្វើបត្យាប័នក្រុមភេរវករ ដែលជាជនបរទេសចំនួន៥នាក់ ទៅកាន់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអង្គារម្សិលមិញនេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានពាំនាំដោយ ទីភ្នាក់ងារព័ត៌មានផ្លូវការ Anadolu បានឲ្យដឹងថា “ការនិរទេស ខ្លួនក្រុមអ្នកប្រយុទ្ធ បរទេសទាំងនេះ ដើម្បីទៅកាន់ប្រទេស របស់ពួកគេបន្ត នីតិវិធីតាមច្បាប់” ។
ក្រសួងបានឲ្យដឹងទៀតថា ជនជាតិអាល្លឺម៉ង់ចំនួន៥នាក់ ត្រូវបានបញ្ជូនទៅកាន់ប្រទេស ដើមរបស់ពួកគេវិញ ដែលជាផ្នែក នៃការបន្តការខិតខំប្រឹងប្រែង ដើម្បីបញ្ជូនក្រុមអ្នកប្រយុទ្ធបរទេស ដែលបានឃាត់ខ្លួននៅក្នុងប្រទេស តួកគី ។
នៅក្នុងសេចក្តីថ្លែងការណ៍ មិនបានប្រកាសលម្អិត អំពីក្រុមប្រយុទ្ធជនជាតិ អាល្លឺម៉ង់ ប៉ុន្តែរដ្ឋាភិបាលអង់ការ៉ា បាន សន្យាថា នឹងធ្វើបត្យាប័នក្រុមអ្នកប្រយុទ្ធបរទេស ដែលជាក្រុមភេរវករ នៃក្រុមរដ្ឋឥស្លាម (IS)ទៅកាន់ប្រទេសដើម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា