ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បង្កើនសង្គ្រាម ដែនអាកាស នៅស៊ីរី ប្រឆាំងអ៊ីរ៉ង់

បរទេស៖ ប្រភពស៊ើបការណ៍សម្ងាត់ លោកខាងលិច និងក្នុងតំបន់ បាននិយាយប្រាប់ថា នាពេលថ្មីៗនេះ ប្រទេសអ៊ីស្រាអែល បានបង្កើនការវាយប្រហារ តាមអាកាស ទៅលើទីតាំង ដែលគេសង្ស័យថា ជាមជ្ឈមណ្ឌល ផលិតមីស៊ីល និងអាវុធរបស់អ៊ីរ៉ង់ នៅក្នុងទឹកដីនៃប្រទេសស៊ីរី ដើម្បីវាយកម្ចាត់ នូវអ្វីដែលខ្លួន មើលឃើញថា ជាទង្វើទន្ទ្រានយោធា កំបាំងធ្វើឡើង ដោយអ៊ីរ៉ង់ ជាសត្រូវក្នុងតំបន់របស់ខ្លួន។

ក្នុងនាមជាសម្ពន្ធមិត្ត យូរអង្វែង របស់ស៊ីរី អ៊ីរ៉ង់ កំពុងតែបញ្ជូនគ្រឿងផ្គុំ ឧស្សាហកម្ម មីស៊ីល​និងអាវុធទំនើប ចូលទៅក្នុងរោងចក្រក្រោមដី ដើម្បីអភិវឌ្ឍផលិតអាវុធដ៏ទំនើប មានរយៈចម្ងាយវាយប្រហារ ដល់មជ្ឈមណ្ឌល ប្រជាជនអ៊ីស្រាអែល នេះបើយោងតាម ប្រភពស៊ើបការណ៍សម្ងាត់ អ៊ីស្រាអែល និងលោកខាងលិច និងជនផ្តាច់ខ្លួនស៊ីរី។

អ្នកវិភាគរបស់ ទីភ្នាក់ងារសារព័ត៌មាន ការពារជាតិ Jane បាននិយាយថា រយៈពេល៣ឆ្នាំ ប្រទេសអ៊ីស្រាអែល បានប្រើប្រាស់អាវុធចំនួន៤.២៣៩ ទៅលើគោលដៅ៩៥៥ ដោយ៧០ភាគរយ មានពីឡុត អ៊ីស្រាអែល ចូលរួមក្នុងយុទ្ធនាគារ ជាមួយយន្តហោះចម្បាំង បំបាំងកាយ F-35I Adir ដឹកនាំបេសកកម្មជាច្រើន។

គួរបញ្ជាក់ថា នៅក្នុងការវាយប្រហារដ៏ថ្មីបំផុត របស់អ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍នេះ អ៊ីស្រាអែល បានវាយប្រហារ ទៅលើក្រុង al Dumair ស្ថិតនៅជាយភាគឦសាន នៃទីក្រុងដាម៉ាស់ និងទីកន្លែង ដែលសង្ស័យថា ជាមានវត្តមានកងជីវពល គាំទ្រដោយអ៊ីរ៉ង់ច្រើន៕

ប្រែសម្រួល៖ប៉ាង កុង

To Top