ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ជំរុញសម្ពន្ធមិត្តលោកខាងលិច ឲ្យដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី

បរទេស៖ ប្រទេសអ៊ុយក្រែន តាមសេចក្តីរាយការណ៍ បានជំរុញសម្ពន្ធមិត្តលោកខាងលិច របស់ខ្លួនឲ្យបង្ហាញថា ពួកគេត្រៀមខ្លួនធ្វើការពិន័យ ទីក្រុងមូស្គូដោយទណ្ឌកម្មថ្មី ដោយរួមទាំងការដកប្រទេសរុស្ស៊ី ចេញពីប្រព័ន្ធទូទាត់ប្រាក់ SWIFT ដើម្បីរារាំងវិមានក្រឹមឡាំងមិនឲ្យប្រើកងកម្លាំង យោធាបន្ថែមប្រឆាំងអ៊ុយក្រែន។

នៅក្នុងបទសម្ភាសន៍មួយ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថា ស្របពេលដែលទីក្រុងកៀវ គ្មានព័ត៌មានថ្មីបង្ហាញថា រុស្ស៊ីសម្រេចចិត្តធ្វើសកម្មភាពយោធាថ្មី ប្រឆាំងអ៊ុយក្រែននោះ វាសំខាន់ខ្លាំងណាស់ ដែលលោកខាងលិច ត្រូវធ្វើសកម្មភាពឥឡូវនេះ ដើម្បីទប់ស្កាត់មិនឲ្យរឿង បែបនោះកើតមានឡើង។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Euractiv នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កំពុងតែព្យាយាមបង្កើន ប្រមូលការគាំទ្រអន្តរជាតិ ក្នុងជម្លោះរបស់ខ្លួនជាមួយទីក្រុងមូស្គូ ជុំវិញការបង្កើនកម្លាំងយោធារុស្ស៊ី នៅតាមតំបន់ព្រំដែនភាគខាងកើតរបស់ខ្លួន និងនៅក្នុងតំបន់គ្រីមា។

ផ្ទាំងពាណិជ្ជកម្ម

លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំគ្មានព័ត៌មានប្រាប់ថា ការសម្រេចចិត្តចាប់ផ្តើម ធ្វើប្រតិបត្តិការយោធាំប្រឆាំងអ៊ុយក្រែន ត្រូវបានធ្វើឡើងរួចរាល់ហើយនោះទេ ដូច្នេះក្នុងពេលបច្ចុប្បន្ននេះ វាអាចចូលនៅក្នុងទិសដៅណាមួយ ហើយនេះជាមូលហេតុនៃ ប្រតិកម្មរបស់លោកខាងលិច ប្រតិកម្មរួមគ្នារបស់លោកខាងលិច នាពេលបច្ចុប្បន្ននេះ គឺមានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់លោក ពូទីន មិនឲ្យធ្វើការសម្រេចចិត្តនោះ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top