ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាព្រឹកទី២៤ ខែមេសា ឆ្នាំ២០២១ បានចាត់ឲ្យឧត្តមនាវីត្រី ងួន ឧត្តម អនុប្រធាននាយកដ្ឋាននីតិកម្ម នាំយកនូវអំណោយរួមមានទឹកបរិសុទ្ធ ភេសជ្ជៈ និងថវិកាមួយចំនួន ទៅចែកជូនដល់កងកម្លាំងជួរមុខ រដ្ឋបាលខេត្តព្រះសីហនុ ដែលឈរជើងប្រចាំការ ការពារ បិទខ្ទប់ ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាល នៃជំងឺកូវីដ១៩-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ។
សូមរំលឹកថា រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ ភូមិសាស្រ្តក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់ មានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ចាប់ពីម៉ោង ០យប់ថ្ងៃ២៣ មេសា ដល់ថ្ងៃ៦ ខែឧសភា។
ជាមួយគ្នានោះរដ្ឋបាលខេត្ត ក៏បានកំណត់ ភូមិសាស្ត្រភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុជាតំបន់មានការ ឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ជាតំបន់ក្រហមផងដែរ ៕