ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំស្ដីពីការពង្រឹងការអនុវត្តវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ នៅតាមបណ្ដារាជធានី-ខេត្ត៕
យោងតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា ក្នុងសភាពការណ៍ថ្មីនេះ និងក្នុងគោលដៅបន្តប្រយុទ្ធ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមបណ្តារាជធានី-ខេត្តគឺត្រូវផ្តោតការយកចិត្តទុកដាក់ បន្ថែមទៀត ដើម្បីដាក់ចេញ និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការនានា។
រាជរដ្ឋាភិបាលបន្ដថា សម្រាប់ភូមិសាស្ត្ររាជធានី ភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដែលត្រូវបាន បិទខ្ទប់ដោយ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល អភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តកណ្តាល ត្រូវបន្តពង្រឹងការអនុវត្តឲ្យបាន ម៉ឺងម៉ាត់នូវវិធានការបិទខ្ទប់នេះ សំដៅកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះទៅតំបន់ផ្សេងទៀត ជាពិសេស ចរាចរណ៍មនុស្សចេញ-ចូលតំបន់បិទខ្ទប់នេះ។
រាជរដ្ឋាភិបាល បន្ថែមថា សម្រាប់ភូមិសាស្ត្រ ឬទីតាំងដែលមានការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អភិបាលខេត្តត្រូវចា ត់វិធានការសំដៅកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះទៅតំបន់ផ្សេងទៀតឱ្យបានឆាប់រហ័ស និងទាន់ពេល វេលា តាមរយៈការដាក់ចេញវិធានការនានា ជាអាទិ៍ ៖ ការបិទខ្ទប់នូវភូមិសាស្ត្រដែលមានការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ,ការផ្អាកសកម្មភាពអាជីវកម្ម មុខរបរ ឬសកម្មភាពការងារ ជាដើម ជាពិសេសនោះ ត្រូវយកសំណាកទៅវិភាគរកមេ រោគកូវីដ-១៩ និងពង្រឹងវិធានការធ្វើចតាឡីស័ក។
រាជរដ្ឋាភិបាល បានឲ្យដឹងទៀតថា សម្រាប់អ្នកធ្វើដំណើរចេញពីតំបន់ដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ អភិបាលខេត្ត ត្រូវចាត់វិធានការដោយម៉ឺងម៉ាត់ និងចាំបាច់ ជាពិសេស ការយកសំណាករបស់អ្នកធ្វើដំណើរ ដើម្បីវិភាគរហ័សរកមេរោគកូវីដ-១៩។ ដោយឡែក ចំពោះអ្នកធ្វើដំណើរដែល មានលិខិតបញ្ជាបេសកកម្មរបស់ស្ថាប័នសា ធារណៈ ឬអ្នកធ្វើដំណើរឆ្លងកាត់ ឬអ្នកធ្វើដំណើរស្នាក់នៅរយៈពេលខ្លី (តិចជាង១សប្តាហ៍) អភិបាលខេត្ត ដោយសហ ការជាមួយមន្ត្រីសុខាភិបាល ត្រូវរៀបចំការយកសំណាក ទៅវិភាគរហ័សរកមេរោគកូវីដ-១៩។
រាជរដ្ឋាភិបាល ក៏បានបញ្ជាក់បន្ថែមថា ក្នុងករណីមានផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តដែលមានព្រំប្រទល់ ជាប់នឹងខេត្តដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន អភិបាលខេត្តពាក់ព័ន្ធអាចសហការគ្នា ដើម្បីដាក់ចេញនូវវិធានការរឹតត្បិត ឬហាមឃាត់ការធ្វើដំណើរ ចេញ-ចូល ឆ្លងកាត់ភូមិសាស្ត្រខេត្តដែលស្ថិតក្នុងសមត្ថកិច្ចរៀងខ្លួនជាបណ្តោះអាសន្ន៕