ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង៖ ជំនួបកំពូលរវាងលោក ពូទីន និងលោក បៃដិន គ្រោងធ្វើឡើងក្នុងរដូវក្តៅ

បរទេស៖ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃចន្ទនេះថា ជំនួបកំពូល រវាងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន គ្រោងប្រព្រឹត្តទៅក្នុងរដូវក្តៅ ប៉ុន្តែកាលបរិច្ឆេទនិងទីកន្លែងជាក់លាក់ នឹងនៅត្រូវការការព្រមព្រៀងគ្នានៅឡើយ។

លោកបានមាន ប្រសាសន៍ដូច្នេះថា “ពិតណាស់ បើទោះជា សំណើពិតប្រាកដ ត្រូវបានបង្ហាញ ក៏ខ្ញុំនៅមិនអាចបញ្ជាក់ ពីកាលបរិច្ឆេទ នៅឡើយទេ គឺនៅមិនទាន់មានការព្រមព្រៀងគ្នា អំពីកាលបរិច្ឆេទនៅឡើយ។ យើងពិតជាកំពុង និយាយអំពីខែក្នុងរដូវក្តៅ។ កតា្តជាច្រើន នឹងនៅតែចាំបាច់ត្រូវធ្វើការវិភាគ ដើម្បីសម្រេចនូវកិច្ចព្រមព្រៀងគ្នា ចុងក្រោយណាមួយ”។

យោងតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Peskov បានធ្វើការបញ្ជាក់ថា “នៅមិនទាន់មានការបញ្ជាក់ពី ប្រទេសជាក់លាក់ ដែលជំនួបកំពូលនោះ អាចនឹងប្រព្រឹត្តធ្វើឡើង នៅឡើយទេ”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមេសា សេតវិមានបានរាយការណ៍ថា លោក បៃដិន បានស្នើឲ្យមានជំនួបកំពូល រុស្ស៊ី-អាមេរិក នៅក្នុងប្រទេសទី៣ ក្នុងពេលប៉ុន្មានខែខាងមុខ។ ក្រោយមក មេដឹកនាំអាមេរិក បានចង្អុលបង្ហាញថា លោកដាក់សំណើ ទៅប្រធានាធិបតីរុស្ស៊ី ឲ្យធ្វើជំនួប ក្នុងរដូវក្តៅនៅអឺរ៉ុប៕

ប្រែសម្រួល៖ប៉ាង កុង

To Top