បរទេស៖ ក្រុមឧទ្ទាម ជនជាតិភាគតិច ដ៏លេចធ្លោមួយ បានវាយប្រហារ និងដុតមូលដ្ឋានយោធាមួយ នៅភាគខាងកើត ប្រទេសមីយ៉ាន់ម៉ា ក្បែរព្រំដែនជាមួយខេត្ត Mae Hong Son ប្រទេសថៃ នៅព្រឹកថ្ងៃអង្គារនេះ។ នេះបើតាមការអះអាង របស់មន្ត្រីម្នាក់ មកពីក្រុមនេះ បាននិយាយ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពច្របូកច្របល់ ចាប់តាំងពីយោធាបានបណ្តេញ មេដឹកនាំស៊ីវិលលោកស្រីអ៊ុងសានស៊ូជី នៅក្នុងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ដែលបង្កឱ្យមានការបះបោរ ដែលគេបានឃើញកងកម្លាំងសន្តិសុខ បានបង្កើនការបង្ក្រាបយ៉ាងសាហាវប្រឆាំងនឹងក្រុមបាតុករ។
ចលនាប្រឆាំង រដ្ឋប្រហារបានទទួលការគាំទ្រ យ៉ាងទូលំទូលាយនៅទូទាំងប្រទេស រួមទាំងក្រុមបះបោរប្រដាប់អាវុធមួយចំនួនដែលបានប្រយុទ្ធប្រឆាំងនឹងយោធា ដើម្បីស្វ័យភាពបន្ថែមទៀត។
មួយក្នុងចំណោម អ្នកប្រឆាំងខ្លាំងបំផុត គឺសហភាពជាតិការ៉ែន (KNU) បានប៉ះទង្គិចគ្នាជាមួយយោធា នៅក្នុងទឹកដីរបស់ពួកគេ នៅតាមបណ្តោយព្រំដែន ភាគខាងកើត ប្រទេសមីយ៉ាន់ម៉ា អស់រយៈពេល ជាច្រើនសប្តាហ៍៕
ប្រែសម្រួលៈ ណៃ តុលា