ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាព រួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានធ្វើការអំពាវនាវដល់ ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវប្រុងប្រយ័ត្នឱ្យមែនទែន បង្ការខ្លួនកុំឱ្យឆ្លងមេរោគកូវីដ-១៩ ព្រោះថា ស្ថានភាព កំពុងមានផ្ទៃពោះមានភាពងាយស្រួល ក្នុងការឆ្លងមេរោគណាស់។
តាមរយៈសារលិខិតរបស់ កាកបាទក្រហមកម្ពុជា ផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាឆ្មបជាតិ-អន្ដរជាតិ នាថ្ងៃទី៥ ឧសភា ក្រោមប្រធានបទ «ផ្អែកតាមទិន្នន័យ គប្បីវិនិយោគលើការងារឆ្មប» ដែលចេញផ្សាយ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឲ្យដឹងថា ជំងឺកូវីដ-១៩ បានឆក់យកជីវិតមនុស្សយ៉ាងច្រើន ហើយអ្នកងាយរងគ្រោះជាងគេ គឺមនុស្សចា ស់ ស្ត្រីមានផ្ទៃពោះ និងអ្នកមានជំងឺរ៉ាំរ៉ៃប្រចាំកាយ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏អំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ ពេលនេះជាពេលដែលក្មួយៗត្រូវប្រុងប្រយ័ត្នឱ្យមែនទែន បង្ការខ្លួនកុំឱ្យឆ្លងមេរោគកូវីដ-១៩នេះឱ្យសោះ ពីព្រោះស្ថានភាពក្មួយៗពេលកំពុងមានផ្ទៃពោះ មានភាពងាយស្រួល ក្នុងការឆ្លងមេរោគណាស់ ហេតុនេះត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដូចជា ៖
ទី១- បីការពារ (ពាក់ម៉ាស់គ្របមាត់ និងច្រមុះ លាងដៃឱ្យបានញឹកញាប់ជាមួយ ទឹកនិងសាប៊ូ ឬអាល់កុល ជែល រក្សាគម្លាត ១ម៉ែតកន្លះឡើងទៅ ពីអ្នកដទៃ) បីកុំ (កុំទៅទីកន្លែងដែលមានមនុស្សច្រើន, កុំនៅកន្លែងបិទជិតគ្មានខ្យល់ ចេញចូល កុំជួបជុំគ្នា កុំប៉ះពាល់គ្នា កុំឱបគ្នា)។
ទី២- ទៅពិនិត្យសុខភាពតាម កាលកំណត់របស់គ្រូពេទ្យ ដើម្បីតាមដានការលូតលាស់របស់អ្នក និងកូន ក្នុងផ្ទៃ។ ទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក និងត្រូវតាមដានពិនិត្យសុខភាព ទាំងមាតាទាំងទារក ក្រោយសម្រាលរួច។ បំបៅដោះទារក និងចិញ្ចឹមកូនតាមការណែនាំរបស់ ក្រសួងសុខាភិបាល។
ទី៣- ទាក់ទងជាបន្ទាន់ទៅមន្ទីរពេទ្យ/គ្រូពេទ្យ និងធ្វើតាមការណែនាំរបស់គ្រូពេទ្យ/ឆ្មបជំនាញ ប្រសិនជា មានអាការៈក្តៅ ខ្លួន ក្អក ឬពិបាកដកដង្ហើម។
ទី៤- ក្នុងករណីក្មួយៗរស់នៅក្នុងតំបន់ មានការបិទខ្ទប់ដោយការ ផ្ទុះឡើងនៃជំងឺកូវីដ-១៩ សូមធ្វើការទាក់ទង ទៅឆ្មប ជំនាញដែលបានពិនិត្យផ្ទៃពោះលើកមុន ដើម្បីពិគ្រោះយោបល់អំពី ស្ថានភាពសុខភាពផ្ទាល់ខ្លួន និងទារកក្នុងផ្ទៃ ស្ថានភា ពឈឺពោះសម្រាលកូន ឬការណែនាំអំពីការ ថែទាំក្រោយសម្រាល។
និងទី៥- តាមដានជាប្រចាំ និងអនុវត្តឱ្យបានត្រឹមត្រូវតាមការ ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានី/ខេត្តដើម្បីចូលរួម បញ្ចប់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា។ សម្ដេចថា សង្ឃឹមថា « យើងរួមគ្នា យើងនឹងឆ្លងផុតឱកាស ដ៏លំបាកនេះទាំងអស់គ្នា»។
ជាមួយគ្នានេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ក្រោមការដឹក នាំដ៏ត្រឹមត្រូវមោះមុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបំពេញការងារយ៉ាងសកម្ម ដើម្បី ការពារជនរួមជាតិពីវិបត្តិជំងឺដ៏កាចសាហាវនេះ និងដឹកនាំប្រទេសជាតិទៅកាន់ប្រក្រតីភាពឡើងវិញ និងថ្លែងអំណរគុណ ចំពោះក្រុម គ្រូពេទ្យ ឆ្មបជំនាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងក្រុមការងារជួរមុខ ទាំងអស់ ដែលកំពុងបំពេញការងារយ៉ាងសកម្ម ស្វិតស្វាញ អត់ធ្មត់ ប្រកបដោយទឹកចិត្តក្លាហាន និងលះបង់ ខ្ពស់ក្នុងការ តាមស្រាវជ្រាវរកករណីសង្ស័យកូវីដ-១៩ ធ្វើចត្តាឡីស័ក យកសំណាកធ្វើតេស្ត ពិនិត្យ ព្យាបាល និងថែទាំអ្នកជំងឺ រហូតមក៕
ដោយ៖ អេង ប៊ូឆេង