វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិ អាមេរិកគ្រោងនឹងចំណាយប្រាក់ជិត ១៨ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍ និងផលិតឧបករណ៍ស្ទាក់ចាប់មីស៊ីលថ្មី ដែលអាចបញ្ឈប់មីស៊ីលនុយក្លេអ៊ែរចូលពីបណ្តាប្រទេសដូចជាអ៊ីរ៉ង់ និងកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កម្មវិធីអភិវឌ្ឍនេះដែរ នឹងស្វែងរកការអភិវឌ្ឍ និងផលិតឧបករណ៍ស្ទាក់ចាប់មីស៊ីលប្រភេទថ្មីចំនួន ៣១ គ្រឿង ក្នុងនោះមាន ១០គ្រឿង ទុកសម្រាប់ធ្វើការសាកល្បង។
សេចក្តីរាយការណ៍បានឲ្យដឹងថា“ ឧបករណ៍ស្ទាក់ចាប់មីស៊ីលប្រភេទថ្មីនេះ ត្រូវបានរចនាឡើងដើម្បីបុក និងកម្ទេចមីស៊ីលចូលពីមារសត្រូវ ដូចជាកូរ៉េខាងជើង ឬអ៊ីរ៉ង់ជាដើម។
របាយការណ៍បានឲ្យដឹងថា ក្រសួងការពារជាតិនឹងផ្តល់ថវិការហូតដល់ ១៣,១ ពាន់លានដុល្លារដល់ក្រុមដែលដឹកនាំដោយក្រុមហ៊ុន Lockheed Martin Corp និង Northrop Grumman Corp នៅក្នុងដំណាក់កាលអភិវឌ្ឍន៍នៃឧបករណ៍ស្ទាក់ចាប់មីស៊ីលជំនាន់ក្រោយ ដោយបន្ថែម ៤,៦ ពាន់លានដុល្លារបន្ថែមទៀត ដែលត្រូវចាក់បញ្ចូលក្នុងដំណាក់កាលផលិតកម្ម។
ទីភ្នាក់ងារនោះបានបន្ថែមថា ទីភ្នាក់ងារការពារមីស៊ីលរបស់សហរដ្ឋអាមេរិក ព្យាយាមដាក់ពង្រាយប្រព័ន្ធស្ទាក់ចាប់ប្រភេទថ្មីនេះ ដោយមិនលើសពីឆ្នាំ២០២៨ឡើយ៕ដោយ ឈូក បូរ៉ា