ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហមទៅ ទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ទៅតាមកាលកំណត់របស់អាជ្ញាធរ ដើម្បីចៀសវាង នូវភាពកកកុញ ។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៤ ឧសភា នេះ សម្ដេច ទៀ បាញ់ បានអំពាវនាវ យ៉ាងដូច្នេះថា « សូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ ក្រហម នៃខណ្ឌចំនួន៤ រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល មកទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ទៅតាមកាលកំណត់ របស់អាជ្ញាធរ ដើម្បីចៀស វាងនូវភាពកកកុញ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវវិធានការ “៣ការពារ ៣កុំ”»។
សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ក្រុមការងារអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងការពារជាតិ គ្រោងចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ រស់នៅតំបន់ក្រហម ឱ្យរួចរាល់ត្រឹម ខែឧសភា ឆ្នាំ២០២១ ៕