Covid-19

សម្ដេចតេជោ៖ សូមម្ចាស់រោងចក្រ កុំបំភ័យកម្មករ លើបញ្ហាវ៉ាក់សាំង

" "

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំទៅម្ចាស់រោងចក្រ សហគ្រាស ដែលជាគ្រឹះស្ថានការងារទាំងអស់ កុំបំភ័យកម្មករ ទៅលើបញ្ហាវ៉ាក់សាំង។

តាមរយៈសារជាសំឡេង នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ សម្តេចតេជោ បានថ្លែងថា មានករណីកម្មករ កម្មការិនីរោងចក្រមួយចំនួន សម្រុកទៅសុំលិខិតចាក់វ៉ាក់សាំងពីមេភូមិ ដើម្បីបានទៅចាក់វ៉ាក់សាំង។ ការធ្វើបែបនេះ ព្រោះតែពួកគេបារម្ភខ្លាច មិនអាចចូលធ្វើការងារ ដោយមិនបានចាក់វ៉ាក់សាំង ខណៈកន្លែងការងាររបស់ពួកគេ បានដាក់លក្ខខណ្ឌឱ្យចាក់វ៉ាក់សាំង ទើបឱ្យចូលធ្វើការ។

" "

សម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថា «សូមម្ចាស់រោងចក្រកុំបំភ័យកម្មករ ទៅលើបញ្ហាវ៉ាក់សាំង។ ពេលនេះមិនមែនជាពេលត្រូវ យកវ៉ាក់សាំងមកធ្វើជាសមភាព សមធម៌ ហើយធ្វើជាលក្ខខណ្ឌ ដោះស្រាយការងារធ្វើទេ រង់ចាំដល់ទីក្រុងភ្នំពេញ និងខេត្តកណ្តាល ឬរង់ចាំដល់ប្រទេសទាំងមូលចាក់វ៉ាក់សាំងហើយ។ អ្នកដែលបដិសេធមិនព្រមចាក់វ៉ាក់សាំង អ្នកនោះ គឺច្បាស់ណាស់ថា អស់ការងារធ្វើ ឬរកការងារធ្វើមិនបាន ដោយសារជឿតាមការឃោសនា អកុសលនៃមនុស្សមួយចំនួន ដែលលើកឡើងថា វ៉ាក់សាំងចាក់ទៅស្លាប់ វ៉ាក់សាំងចាក់ទៅកើតជំងឺនេះ ឬជំងឺនោះ»។

" "

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈពិនិត្យលើការងារនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាលក្ខខណ្ឌបែបនេះ មិនទាន់អាចអនុវត្តបាននោះឡើយ ព្រោះកម្ពុជាកំពុងស្ថិតក្នុងដំណើរការចាក់វ៉ាក់សាំង ហើយចាក់បានកម្រិតតិចតួចនៅឡើយ។

ជំនួសឱ្យការដាក់លក្ខខណ្ឌ ចាក់វ៉ាក់សាំងទើបឱ្យចូលធ្វើការនោះ សម្តេចតេជោ បានអំពាវនាវដល់ម្ចាស់គ្រឹះស្ថានការងារទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តវិធាន សុខាភិបាលសម្រាប់កម្មករ កម្មការិនី ព្រោះថាទោះបីចាក់វ៉ាក់សាំងហើយ ភ្លាមៗនេះ ក៏វ៉ាក់សាំងមិនទាន់មានប្រសិទ្ធភាព ក្នុងការពារជំងឺកូវីដ១៩នៅឡើយ៕

To Top