Covid-19

អង់គ្លេស ចង់ឲ្យអ្នកដែលមានអាយុក្រោម ៤០ឆ្នាំ ប្រើប្រាស់វ៉ាក់សាំងផ្សេងក្រៅពី AstraZeneca

បរទេស៖ នៅថ្ងៃសុក្រនេះមន្ត្រីអង់គ្លេស ជាច្រើននាក់បានធ្វើការលើកឡើង អំពីបំណងរបស់ពួកគេដែលចង់ ឲ្យពលរដ្ឋទាំងឡាយដែលមានអាយុក្រោម អាយុ៤០ឆ្នាំ គួរតែជ្រើសយកវ៉ាក់សាំង ប្រភេទផ្សេងជំនួសឲ្យវ៉ាក់សាំង AstraZeneca វិញដើម្បីកាត់បន្ថយអំពីគ្រោះថ្នាក់ ដែលបណ្តាលមកពីបញ្ហាកំណកឈាម ដែលធ្លាប់កើតមានកន្លងមក។

វ៉ាក់សាំង AstraZeneca ដែលជាផលិតផលរបស់សកលវិទ្យាល័យ Oxford បានទទួលរបាយការណ៍ជាច្រើនករណីមកហើយ អំពីបញ្ហាកំណកឈាម កម្រិតទាបមួយដែលភាគច្រើន ត្រូវបានគេមើលឃើញថាបានកើតឡើង ចំពោះមនុស្សពេញវ័យ ដែលមានវ័យតិចជាង៤០ឆ្នាំ។

កន្លងមកមានប្រទេសខ្លះបានប្រកាសផ្អាក និងបន្ទាប់មកដំណើរការឲ្យចាក់វ៉ាក់សាំងនេះឡើងវិញ ប៉ុន្តែជាមួយតែក្រុមមនុស្ស ដែលមានវ័យចំណាស់ប៉ុណ្ណោះ ខណៈដែលអង់គ្លេសនឹងប្រើប្រាស់ វាតាមផែនការចាស់ទៅលើមនុស្សគ្រប់វ័យ រហូតដល់ខែកក្កដា។

អជ្ញាធរសុខាភិបាលទទួលបន្ទុក កិច្ចការងារតាមដានបញ្ហាកំណកឈាម របស់អង់គ្លេសចំពោះអ្នកដែលទទួលបានវ៉ាក់សាំង AstraZeneca បានរកឃើញថា ករណី
ដែលអាចកើតមានចំពោះការចាក់វ៉ាក់សាំង មានប្រមាណជា ១៧,៤នាក់ ក្នុងចំណោមមនុស្ស ១លាននាក់ សម្រាប់អ្នកអាយុចន្លោះពី ៣០ទៅ៣៩ឆ្នាំប្រៀបធៀបទៅនឹងករណី
នៃវ៉ាក់សាំងទូទៅ ១០,៥នាក់ក្នុងមួយលាននាក់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top