ព័ត៌មានជាតិ

ក្រសួងសាធារណការ ត្រៀមលក្ខណៈជាស្រេច ក្នុងការប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS Beidou នៅកម្ពុជាដើម្បីរួមចំណែក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ ក្រសួងសាធារការ និងដឹកជញ្ជូន បានត្រៀមលក្ខណៈជាស្រេច ក្នុងការជំរុញប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS Beidou នៅកម្ពុជាដើម្បីជាប្រយោជន៍ ដល់ការដឹកជញ្ជូន និងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

សូមជម្រាបថា ប្រព័ន្ធ Beidou GPS មានសារប្រយោជន៍អាចចូលរួមចំណែក ក្នុងការស្វែងរកដំណោះស្រាយ លើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ ការបើកបរហួសល្បឿនកំណត់ ដោយច្បាប់ និងការតាមដានយានយន្ត មិនចូលទៅក្នុងស្ថានីយថ្លឹងទម្ងន់ ជាដើម។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ នៃប្រព័ន្ធ BeiDou GPS នឹងផ្តល់ដង្ហើមជីវិតថ្មី ទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា សមស្របជាមួយ នឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ផងដែរ។

ក្នុងជំនួបពិភាក្សាការងារជាមួយ នាយកក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation (CGWIC) និងគណៈប្រតិភូតាម ប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអបអរសាទរចំពោះមិត្តចិន ដែលសម្រេចបានជោគជ័យ ក្នុងការប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធផ្កាយរណប Beiduo GPS នៅទូទាំងពិភពលោក និងបានស្វាគមន៍ ចំពោះក្រុមហ៊ុន ដែលត្រៀមបើកការិយាល័យ តំណាងរបស់ខ្លួនប្រចាំកម្ពុជា ដើម្បីការប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS នេះនៅក្នុងតំបន់ អាស៊ាន ចូលរួមក្នុងការធានាសុវត្ថិភាព ការដឹកជញ្ជូន ទាំងផ្លូវគោក និងផ្លូវទឹក។

លោក បានបញ្ជាក់ថា «ក្រសួង ត្រៀមលក្ខណៈជាស្រេចក្នុងការ សហការលើការ ជំរុញការប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS Beidou នៅកម្ពុជាជាប្រយោជន៍ ដល់ការដឹកជញ្ជូន ហើយក៏គ្រោងនឹងលើកយកប្រធានបទនេះ ទៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបូកកូរ៉េ កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបូកចិន និងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបូកជប៉ុន ដែលកម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នៅលើទឹកដីអង្គរដោយផ្ទាល់ ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩មានភាពធូរស្រាល ឬតាមប្រព័ន្ធវីដេអូពីចម្ងាយ»។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រីសាធារណការ ក៏បានសំណូមពរឱ្យក្រុមហ៊ុន ជំរុញការបំពាក់ BeiDou GPS ៥៥០គ្រឿងដែលបានគ្រោងទុកនោះ ឱ្យបានទាន់ពេលវេលា ដើម្បីក្រសួងអាចយកជាបទពិសោធន៍ និងមានមូលដ្ឋាន ដើម្បីជំរុញការប្រើប្រាស់នៅកម្ពុជា ព្រមទាំង អាចប្រើប្រាស់ដើម្បីពិភាក្សា ជាមួយរដ្ឋមន្ត្រីដឹកជញ្ជូន អាស៊ាននាចុងឆ្នាំ២០២១ខាងមុខនេះ។

លោករដ្ឋមន្ត្រី បានសង្ឃឹមយ៉ាងមុតមាំថា ប្រទេសជិតខា ងក្នុងតំបន់អាស៊ានទាំងអស់ នឹងចាប់អារម្មណ៍ ឈានទៅ ប្រើប្រព័ន្ធ GPS នេះទាំងអស់គ្នា។

គួររំលឹកផងដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation (CGWIC) បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ ស្តីពីការជំរុញ ប្រព័ន្ធ BeiDou GPS បច្ចេកវិទ្យាចាប់រលកសញ្ញាពីចម្ងាយ (Remote Sensing) និងប្រព័ន្ធផែនទីផ្លូវថ្នល់ នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០៕

To Top