កំណត់ត្រាទី១ មានចំណងជើងថា “រាជរដ្ឋាភិបាលកម្ពុជា៖ សង្រ្គាមដំណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈ – ជំងឺកូវីដ-១៩” ដែលផ្តោតលើសកម្មភាព រួមរបស់ថ្នាក់ជាតិ ពិសេសរបស់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានប្រមាណ១០០០ទំព័រ។
កំណត់ត្រាទី២ មានចំណងជើងថា “ក្រសួងព័ត៌មាន ៖ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩” ដែលផ្តោតតែពីសកម្មភាពរបស់ក្រសួងព័ត៌មាន អគ្គនាយកដ្ឋានក្រោមចំណុះ និងមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងបេសកកម្មដំណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩ ដែលមានជាង៣០០ទំព័រ។
កំណត់ត្រាទី៣ មានចំណងជើងថា “រដ្ឋបាលរាជធានីភ្នំពេញ ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩” ដែលផ្តោតតែពីសកម្មភាពរបស់រដ្ឋបាលរាជធានីភ្នំពេញតែប៉ុណ្ណោះ ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងបន្តនៅក្នុងសហគមន៍កាន់តែច្រើន ដែលមានប្រមាណ៧០០ទំព័រ។ ដើម្បីបេសកកម្មនេះ និងគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ រួមទាំងជនបរទេសផង ពិសេសថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេស ដែលកំពុងស្នាក់នៅ និងធ្វើការនៅលើទឹកដីដែនសមត្ថកិច្ចរបស់ខ្លួនក្នុងខណ្ឌទាំង១៤ គឺថ្នាក់ដឹកនាំ និងមន្រ្តីនៃរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការបញ្ជាផ្ទាល់ពីប្រមុខរាជរដ្ឋាភបាលផង គឺបានបំពេញការងារទាំងយប់ទាំងថ្ងៃ ដែលពេលខ្លះរហូតម៉ោងទៀបភ្លឺ មិនថាសៅរ៍ និងអាទិត្យឡើយ រហូតសម្រាកនៅការិយាល័យ ដើម្បីធ្វើការរួមគ្នា ងាយស្រួលពិភាក្សា និងចុះអន្តរាគមឱ្យបានទាន់ពេលវេលានៅតាមគោលដៅនីមួយៗ។
កំណត់ត្រាទី៤មានចំណងជង់ថា “រដ្ឋបាលខេត្តកំពង់ស្ពឺ ៖ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩” ដែលផ្តោតស្ទើរគ្រប់សកម្មភាពរបស់រដ្ឋបាលខេត្ត ពាក់ព័ន្ធតែទៅនឹងការងារការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩តែប៉ុណ្ណោះ ដែលមានប្រមាណ៥០០ទំព័រ។ ពិតជាមិនងាយស្រួលនោះទេ ព្រោះថា ខេត្តកំពង់ជាទីតាំងឆ្លងកាត់រវាងរាជធានីភ្នំពេញ ក៏ដូចជាខេត្តកណ្តាល និងខេត្តព្រះសីហនុ ដែលតំបន់ទាំងបីនេះមានការផ្ទុះជំងឺកូវីដ-១៩យ៉ាងធ្ងន់ធ្ងរ ជាពិសេសការឆ្លងក្នុងសហគមន៍ពី “ព្រឹត្តិការណ៍២០កុម្ភៈ” ឆ្នាំ២០២១។
លោក ឆាយ សុផល សាស្រ្តាចារ្យព័ត៌មាន និងជាអ្នកសារព័ត៌មានជើងចាស់ ហើយដែលជាអ្នកចងក្រងកំណត់ត្រាទាំងនោះបានបញ្ជាក់ថា ឯកសារកាលប្បវត្តិចំនួន៤នោះគឺក្នុងបំណងទុកជាឯកសារជំនួយស្មារតីសម្រាប់អនុជន។
បើតាមលោក ឆាយ សុផល កំណត់ត្រានេះគឺលោកបានធ្វើជាមួយក្រុមការងារ ដោយកត់ត្រាទុកស្ទើរគ្រប់ សកម្មភាពប្រចាំថ្ងៃទាក់ទិននឹងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ចាប់តាំងពីជំងឺនេះបានកើតមានជាលើកដំបូងនៅកម្ពុជានាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រហូតមានឧបទ្ទវការណ៍ជាបន្តបន្ទាប់ រួមមាន “ព្រឹត្តិការណ៍៣វិច្ឆិកា” ឆ្នាំ២០២០ “ព្រឹត្តិការណ៍២៨វិច្ឆិកា” ឆ្នាំ២០២០ និងការឆ្លងក្នុងសហគមន៍ពី “ព្រឹត្តិការណ៍២០កុម្ភៈ” ឆ្នាំ២០២១ ដែលបណ្តាលឱ្យមនុស្សស្លាប់រយនាក់និងឆ្លងខ្ទង់ម៉ឹននាក់ បើទោះជាបានជាសះស្បើយរាប់ពាន់នាក់ក៏ដោយ។
លោក ឆាយ សុផល បានបញ្ជាក់ថា “មួយថ្ងៃៗតាំងពីព្រលឹម ទល់ព្រលប់ ខ្ញុំអង្គុយសំកុកនៅមុខកុំព្យូទ័រ តាមដានដំណឹងផ្សេងៗ តាមគេហទំព័រព័ត៌មានសំខាន់ៗ ទាំងជាតិនិងបរទេស ព្រមទាំងទំព័រហ្វេសប៊ុកថ្នាក់ដឹកនាំប្រទេស និងឥស្សរជននយោបាយមួយចំនួន គឺប្រៀបដូចសត្វភេសំកុកចាំឆ្វក់ចាប់ត្រីអីចឹងដែរ។ នៅពេលបានដំណឹងមក ខ្ញុំក៏សំយោគវាដាក់តាមកាលបរិច្ឆេទ តាមប្រភេទ និងតាមស្ថាប័ននីមួយៗ ដូចជាឧទារហណ៍ដំណឹងទាក់ទឹននឹងវ៉ាក់សាំង ដំណឹងពី ការស្លាប់អ្នកជំងឺ ដំនឹងពីច្បាប់និងអនុក្រិត្យ ដំណឹងទាក់ទិននឹងការងារជាមួយបរទេស គឺយើងដាក់តាមផ្នែក តាមជំពូក គឺមិនឱ្យលាយឡំគ្នាឡើយ”។
លោក ឆាយ សុផល បាននិយាយបែបកំប្លែងថា “អ្នកខ្លះសន្សំរឿងក៏បានរឿងមកវិញ។ ឯខ្ញុំសន្សំរឿងដែរ តែបែរជាបានឯកសារកាលប្បវត្តិទៅវិញ ឬក៏ថាជាឯកសារប្រវត្តិសាស្រ្តនៃមនុស្សជាតិក៏បាន។ បងប្អូនខ្មែរយើងខ្លះឆាប់ភ្លេចណាស់! ដូច្នេះ កំណត់ត្រានេះនឹងក្លាយជាឯកសារជំនួយស្មារតី ដើម្បីរម្លឹកថា តើថ្នាក់ដឹកនាំប្រទេស ប្រធាននិងមន្រ្តីស្ថានប័ន និងអង្គភាពទាំងថ្នាក់ជាតិនិងក្រោមជាតិអស់ រដ្ឋនិងមិនមែនរដ្ឋ បានខិតខំប្រឹងប្រែងប៉ុណ្ណា ហើយប្រជាពលរដ្ឋរបស់យើង ជួបការលំបាកយ៉ាងដូចម្តេច នៅក្នុងកាលៈទេសៈកលិយុគនៃការវាយលុកជំងឺកូវីដ-១៩នេះ”។
លោក ឆាយ សុផល បានរម្លឹកថា “គិតស្រមៃទៅមើលហ៍ ថាតើស្ថានភាពបានធ្លាក់ដល់កម្រិតណា នៅពេលដែលសាលារៀន មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនានា មជ្ឈមណ្ឌលរៀបចំពិធីអាពាហ៍ពិពាហ៍ ឬកន្លែងស៊ីការធំៗ សណ្ឋាគារផ្កាយ៥ ជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញ រួមទាំងពហុកីឡដ្ឋានជាតិនិងស្តាតចាស់ផង ត្រូវបានប្រែក្លាយទៅជាមណ្ឌលសម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ ទាំងស្រាលនិងធ្ងន់ ខណៈមន្ទីរពេទ្យនានាពោរពេញទៅដោយអ្នកជំងឺគ្រប់ប្រភេទ ក្នុងនោះក៏មានអ្នកជំងឺកូវីដ-១៩ដែរ”។
លោកបន្តថា ទន្ទឹមនឹងនោះ ការិយាល័យទាំងរដ្ឋនិងឯកជន រោងចក្រ សហគ្រាស ទីផ្សារតូចធំ តំបន់ទេសចរណ៍គ្រប់ច្រកល្ហក និងសាលារៀនគ្រប់កម្រិត គ្រប់ប្រភេទត្រូវបានបិទ ខណៈតំបន់មួយចំនួន ពិសេសរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុត្រូវបានបិទខ្ទប់មិនឱ្យមានមនុស្សចេញចូល ដោយស្ថិតក្នុងបម្រាម ហើយត្រូវរងការពិន័យ និងជាប់ទោស ប្រសិនបើហ៊ានបំពានចេញក្រៅផ្ទះ។
នៅក្នុងផ្នែកមួយនៃអារម្ភកថា លោក ឆាយ សុផល បានសរសេរថា “ព្រះសង្ឃនៅទីវត្តអារាមមួយចំនួនត្រូវខ្វះចង្ហាន់ ដែលតម្រូវឱ្យនាយករដ្ឋមន្រ្តី បញ្ជាកម្លាំងអង្គរក្សដឹកស្បៀងយកទៅប្រគេន។ ពាណិជ្ជកម្ម អាជីវកម្ម ទីផ្សារ និងចង្វាក់ផលិតកម្មតូចធំ ស្ទើរគ្រប់ប្រភេទបានរាំងស្ទះ ដែលធ្វើឱ្យប៉ះពាល់ទាំងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ ខណៈដែលរាជរដ្ឋាភិបាល បានចំណាយប្រាក់រាប់រយលានដុល្លារ និងបញ្ចេញអង្កររាប់ពាន់តោនពីឃ្លាំង ដោយប្រើមធ្យោបាយសរុប និងកម្លាំងសរុបទាំងកងទ័ព នគរបាល កងរាជអាវុធហត្ថ កងអង្គរក្សនាយករដ្ឋមន្រ្តី កងសេនាជន និងមន្រ្តីក្រសួង មន្ទីរ ស្ថាប័នគ្រប់ប្រភេទ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅក្នុងប្រតិបត្តិការជួយសង្រ្គោះជីវិត និងសម្រួលជីវភាពប្រជាពលរដ្ឋ។
ស្មេរបានបន្តថា “ជាងនេះទៅទៀត ពិតជាគួរឱ្យសង្វេគណាស់ នៅពេលដែលអ្នកជំងឺកូវីដ-១៩ ខ្ទង់រយនាក់បានស្លាប់ទៅ ត្រូវបានក្រុមជំនាញវេជ្ជសាស្រ្តដឹក យកទៅបញ្ចុះនិងបូជានៅទីដាច់ស្រយាល ដោយមិនអនុញ្ញាតឱ្យមានការចូលរួមពីបងប្អូនកូនចៅ ញាតិសន្តានណាម្នាក់ចូលរួមរៀបចំ ពិធីសាសានាតាមទំនៀមទម្លាប់ឡើយ គឺបានត្រឹមតែរៀបចំពិធីគោរពបូជា បន្តិចបន្តួចពីចម្ងាយនៅក្នុងគេហដ្ឋានតែប៉ុណ្ណោះ។ តើនរណាមិនស្រណោះ ហើយនរណាមិនស្រក់ទឹកភ្នែក ស្រែកទ្រហោយំ នៅពេលដែល ឪពុក ម្តាយ កូន ចៅ បង ប្អូន ជីដូនជីតាសាច់ញាតិជាទីគោរបស្រលាញ់ ដែលកំពុងព្យាបាលជំងឺកូវីដ-១៩ មិនត្រូវបានគេអនុញ្ញាតឱ្យសួរសុខទុក្ខដោយផ្ទាល់ គឺបានត្រឹមតែទូរស័ព្ទ និងតាមប្រព័ន្ធវីដេអូ (Video Call) ហើយនៅពេលស្លាប់ទៅ មិនបានឃើញមុខជាចុងក្រោយ ដោយសពត្រូវបានគេដឹកយកទៅបាត់គ្មានស្រមោល?”