ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយតបថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ក្រសួងពុំដែល ចេញឯកសារណាមួយដល់ក្រុមហ៊ុន សម្រាប់នាំចេញ ប្រភេទឈើរងការគំរាមកំហែង ទៅក្រៅប្រទេស ឬហុងកុងឡើយ ។
ការឆ្លើយតប របស់ក្រសួងកសិកម្មបែបនេះ ក្រោយពីមាន បណ្តាញសារព័ត៌មានក្នុងស្រុក និងអន្តរជាតិមួយចំនួន បានចុះផ្សព្វផ្សាយព័ត៌មានថា គយ ហុងកុង បានរឹបអូសឈើ ដែលគេសង្ស័យថា មានចំនួន ៧កុងតឺន័រ ទម្ងន់ប្រមាណ ២១១តោន ជាប្រភេទឈើរងការគំរាមកំហែង ដែលមានតម្លៃទីផ្សារ ប្រមាណ ១,១លានដុល្លារហុងកុង (១៤០ ០០០ដុល្លារសហរដ្ឋអាមេរិក) នៅកន្លែងត្រួតពិនិត្យ ទំនិញគយក្នុងកំពង់ផែ Kwai Chung និងកំពង់ផែ Tsing Yi ចន្លោះថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដែលជាឈើគ្មានលិខិតអនុញ្ញាត ឲ្យធ្វើការនាំចេញពីកម្ពុជាឡើយ (ឈើរត់ពន្ធ)។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម នាពេលថ្មីៗនេះ បានបញ្ជាក់ថា «ក្នុងរយៈពេលប្រមាណ ជា៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំដែលបានរៀបចំបំពេញបែបបទ នាំចេញប្រភេទឈើ រងការគំរាមកំហែង ជូនដល់ក្រុមហ៊ុនណាមួយ សម្រាប់ធ្វើការនាំចេញ ទៅក្រៅប្រទេស ឬហុងកុងនោះទេ។ ដូចនេះ ក្នុងករណីព័ត៌មានដែលគយ ហុងកុង បានចាប់ឃាត់ឈើនាំចេញពីកម្ពុជា ជាការពិតមែននោះ គឺជាករណីនាំចេញឈើខុសច្បាប់ (រត់ពន្ធឈើខុសច្បាប់)»។
ក្រសួងកសិកម្ម បាននិងកំពុងយកចិត្តទុកដាក់ធ្វើការ អង្កេតស្រាវជ្រាវលើករណីនេះ ដោយសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកការពិត ព្រមទាំងរកអ្នកប្រព្រឹត្តបទល្មើស និងអ្នកពាក់ព័ន្ធមកទទួលទោស តាមច្បាប់ជាធរមាន៕