ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ៦៨គ្រួសារ រងគ្រោះដោយសារខ្យល់កន្ត្រាក់ បានទទួលអំណោយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត លោក អ៊ុន ចាន់ដា រួមនិងក្រុមការងារ នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកអំណោយមនុស្សធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៦៨គ្រួសារ មកពី៣ឃុំ ក្នុងស្រុកកងមាស ក្នុងនោះ នៅឃុំព្រែកកុយ មាន៤៧ គ្រួសារ, ឃុំរាយប៉ាយ ២០គ្រួសារ និងឃុំព្រែកក្របៅ ១គ្រួសារ ។

ស្ថិតក្នុងឱកាសសំណេះសំណាលនោះ លោក អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយ ជាមួយគ្រួសាររងគ្រោះ និងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយឡើយ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលាផងដែរ ។

ជាមួយគ្នានោះដែរ លោក អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អោយបង្កើនការ ការពារខ្លួន ជៀសអោយផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ” ៣ការពារ និង ៣កុំ ” ពិសេស ការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ , កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន គ្រួសាររងគ្រោះទាំង ៦៨គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម , មី យើង ១កេស, ទឹកត្រី ១យួរ ,ទឹកសុីអុីវ ១យួរ, ត្រីខ ១០កំប៉ុង , ឃីត ១ និង អាវយឺត ២ ។ ចំណែកថវិកា បានផ្តល់ជូនតាមកម្រិតខូចខាត គឺ អ្នកខូចខាតកម្រិតធ្ងន់ ១០គ្រួសារ ជូនថវិកាសរុប ៣,០០០,០០០រៀល, កម្រិតមធ្យម ១៩គ្រួសារ ផ្តល់ថវិកាសរុប ៣,៨៥០,០០០ រៀល និង កម្រិតស្រាល ៣៩គ្រួសារ ជូនថវិកាសរុប ៣,៩០០,០០០ រៀល ផងដែរ។

To Top