ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំ ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ត្រូវផ្សព្វផ្សាយ តាមគ្រប់មធ្យោបាយ ដើម្បីអបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ។
តាមសារាចរណែនាំ របស់រាជរដ្ឋាភិបាលបានឲ្យដឹងថា ទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈលើកទី៤ ក្រោមប្រធានបទ «TVET ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់ »។ រាជរដ្ឋាភិបាល ឲ្យក្រសួងការងារទទួលបន្ទុក រៀបចំទិវាជាតិ តាមរយៈការផលិតជាវីដេអូ និងខ្លឹមសារឯកសារផ្សេងៗ ដោយសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី- ខេត្ត អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ទូទាំងប្រទេស។
សារាចររាជរដ្ឋាភិបាលបន្តថា «ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរួមសហការគាំទ្រ និងផ្សព្វផ្សាយ តាមគ្រប់មធ្យោបាយ ដើម្បីអបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ តាមអង្គភាពរៀងៗ ខ្លួន ជាពិសេស រដ្ឋបាលរាជធានី ខេត្ត ត្រូវសហការផ្សព្វផ្សាយ និងគាំទ្រដល់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ សាធារណៈ និងឯកជន អង្គការ សមាគម និងសហគមន៍ រៀបចំចងបដា ពាក្យស្លោកផ្សព្វផ្សាយ ពីទិវាជាតិនេះក្នុងដែនដីរបស់ខ្លួន»។
ក្នុងនោះ ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនា របស់រដ្ឋ ឯកជន និងបណ្តាញសារព័ត៌មាន សង្គម រួមមាន វិទ្យុ ទូរទស្សន៍ កាសែត និងមធ្យោបាយផ្សព្វផ្សាយ ផ្សេងទៀត ឲ្យផ្សព្វផ្សាយខ្លឹមសារឯកសារផ្សេងៗ ក្នុងឱកាសប្រារព្ធទិវាជាតិនេះ ស្របតាមប្រធានបទ «TVET ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់»។
រាជរដ្ឋាភិបាល ក៏បានអំពាវនាវ ដល់សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស-និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងប្រជាពលរដ្ឋ ទាំងអស់ ត្រូវចូលរួម និងផ្សព្វផ្សាយ ទិវាជាតិនេះ ឱ្យបានផុលផុសឱឡារិក អធិកអធមទូទាំងប្រទេស។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ មិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយ ទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និង ផ្នែកឯកជន ឱ្យបានយល់អំពីសារៈសំខាន់នៃ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅថា ធីវេទ (TVET)»៕