ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ថា មនុស្សរាប់ពាន់នាក់ រួមទាំងស្ត្រី និងកុមារយ៉ាងច្រើន បានធ្វើដំណើរតាមដងផ្លូវ នៅក្នុងទីក្រុងកំពង់ផែការ៉ាជី ស្ថិតនៅភាគខាងត្បូងប៉ាគីស្ថានកាលពីថ្ងៃពុធ ដើម្បីបង្ហាញពីសាមគ្គីភាព ជាមួយប្រជាជនប៉ាឡេស្ទីន ។
ការតវ៉ានេះត្រូវបានធ្វើឡើង នៅមុខក្លឹបសារព័ត៌មានការ៉ាជី ខណៈដែលអ្នកសារព័ត៌មាន និងអ្នកល្បីល្បាញមួយចំនួនក៏បានចូលរួមផងដែរ ហើយបានទាមទារឱ្យអ៊ីស្រាអ៊ែល បញ្ឈប់ការវាយប្រហារ ទៅលើប្រជាជនស្លូតត្រង់ ។
ក្រុមបាតុករដែលកាន់ផ្ទាំងគាំទ្រប៉ាឡេស្ទីន បានស្រែកពាក្យស្លោកប្រឆាំង នឹងអ៊ីស្រាអ៊ែល និងបានអំពាវនាវដល់ សហគមន៍អន្តរជាតិឱ្យធ្វើអន្តរាគមន៍ លើបញ្ហានេះដើម្បីការពារអាយុជីវិត ប្រជាជនស្លូតត្រង់របស់ប៉ាឡេស្ទីន ។
ការតវ៉ាជាច្រើនទៀតត្រូវបានគេរំពឹងថា នឹងធ្វើឡើងបន្ទាប់ពីបាតុកម្ម កាលពីថ្ងៃពុធនៅទីក្រុងការ៉ាជី ដោយប្រជាជនមកពី គ្រប់ស្រទាប់វណ្ណៈនៅទូទាំងប្រទេស ។ ការតវ៉ាបានកើតឡើង ចំពេលដែលភាពតានតឹងរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន បានធ្វើឱ្យមនុស្សរាប់រយនាក់ បានស្លាប់និងរងរបួស ។
កាលពីដើមសប្តាហ៍នេះ ប្រទេសប៉ាគីស្ថានបានប្រកាសថា នឹងប្រារព្ធទិវាសាមគ្គីភាពប៉ាឡេស្ទីន នៅថ្ងៃទី ២១ ខែឧសភាដើម្បីចុះឈ្មោះតវ៉ារបស់ខ្លួនប្រឆាំង នឹងការវាយប្រហាររបស់អ៊ីស្រាអ៊ែល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា